ឯកឧត្តម អ៉ីវ លាង រំលឹកវិញ្ញាណក្ខន្ធ ខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៦ សម្រាប់រំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែងមានរៀបចំពិធីខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោកគង់កើត ស្រុកកញ្ជ្រៀច តំណាងឯកឧត្តម ស ថេត សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមា ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ស្រុក ឃុំទាំង៨ ភូមិ អ្នកគ្រូ លោកគ្រូ សិស្សនិសិ្សត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម អ៉ីវ លាងមានប្រសាសន៍ថា ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» សម្រាប់រំឭកដល់ជនរងគ្រោះ និងរំឭកអំពីការឈឺចាប់នៃឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម របស់ជនរងគ្រោះ និងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គម កម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬ ទំនៀមទម្លាប់របស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យ ពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ លើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាល ឆ្នាំ២០២៦ នេះជាលើកទី៩ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយក៏ជាលើកទី៤៣ បើរាប់ ចាប់ពីឆ្នាំ ១៩៨៤ មក ដែលទិវានេះបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្ម និង លើកកម្ពស់ការយល់ដឹងអំពីអំពើឃោរឃៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់កុំឱ្យអំពើបែបនេះកើត មានឡើងសាជាថ្មី។ ដើម្បីចូលរួមលើកកម្ពស់ការចងចាំ និងដោះស្រាយការឈឺចាប់របស់ជនរងគ្រោះ សកម្មភាព ជាច្រើនត្រូវបានធ្វើឡើង រួមទាំងការប្រារព្ធទិវានេះនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទីតាំងពិឃាតនៅ តាមបណ្តាស្រុក រាជធានី ខេត្តនានា និងនៅមជ្ឈមណ្ឌលធនធាន ។ល។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ជាមួយនឹងការរំឭកខួបលើកទី៩ ទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាត្រូវរួម គ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និង ប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន ស្ថិរភាព និងសន្តិសុខ។ សព្វថ្ងៃនេះ កម្ពុជាកំពុងរស់នៅក្រោមម្លប់ សន្តិភាព មានស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍ។ សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំ ប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ក្នុងការថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការលើក កម្ពស់ស្មារតីសាមគ្គីភាពជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិន ប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាពនិងស្ថិរភាពនៅក្នុងសង្គម ហើយក៏ជាអ្វីដែល កម្ពុជាត្រូវចងចាំនិងយល់ដឹងឱ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។
សូមបញ្ជាក់ថា ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ ឈ្នះ ព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយជាប្រទេសមាន សុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលមិនធ្លាប់មាន ជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ ទន្ទឹមនឹងនេះ ក្រោមដំបូលនៃសុខសន្តិភាព ប្រទេសកម្ពុជា ក៏បានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនា សន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានតុលាការគំរូមួយ សម្រាប់ពិភពលោក និងបានកាត់ក្តីអតីត មេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យ ព្រមទាំងបានចារឹកជាស្លោកទុកក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យ ទំនើប៖ សន្តិភាពតាមរយៈយុត្តិធម៌ផ្សះផ្សាជាតិ និងយុត្តិធម៌ផ្សះផ្សាជាតិក្នុងគោលដៅសន្តិភាព។ ឆ្លងតាម លទ្ធផលនៃការបញ្ចប់ដំណើរការតុលាការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជនរងគ្រោះនៃ របបកម្ពុជាប្រជាធិបតេយ្យ ទទួលបានយុត្តិធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរក៏ត្រូវបានស្តាឡើងវិញ ព្រមទាំង ទទួលបាននូវការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម ដោយទទួលស្គាល់គម្រោងសំណងចំនួន២៦ ក្នុងនោះក៏មានទិវាជាតិនៃការចងចាំផងដែរ។



