ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនមន្ត្រីក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងការយល់ដឹងអំពីសុវត្ថិភាពឌីជីថលក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មាននាពេលបច្ចុប្បន្ន,
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺពង្រឹងសមត្ថភាពមន្ត្រីក្នុងការដំណើរការគេហទំព័រសម្រាប់ផ្សព្វផ្សាយព័ត៌មាន បង្កើនចំណេះដឹងផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់ ការទទួលខុសត្រូវ ការពារសុវត្ថិភាពគេហទំព័រ និងការពារទិន្នន័យ ដើម្បីប្រសិទ្ធភាពនៃកាផ្សាយព័ត៌មាន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល និងតាមគោលការណ៍របស់ក្រសួងព័ត៌មាន ជាពិសេសមន្រ្តីទទួលបន្ទុកការងារអភិវឌ្ឍគេហទំព័រនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលត្រូវអនុវត្តការងារជាប្រចាំថ្ងៃ។
(ភ្នំពេញ)៖ បន្ទាប់ដំណើរការរយៈពេល ២ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មានរាជធានី ខេត្ត ចំនួន ១១២នាក់ បានធ្វើពិធីបិទនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នាសាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍសមត្ថភាពមន្ត្រីលើការប្រើប្រាស់បច្ចេកវិទ្យា និងការការពារគេហទំព័រ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានាសុវត្ថិភាពព័ត៌មានរបស់ស្ថាប័ន ខណៈបច្ចេកវិទ្យាឌីជីថលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានជំរុញឱ្យមន្ត្រីទាំងអស់យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងចូលរួមការពារប្រព័ន្ធព័ត៌មានឱ្យមានសុវត្ថិភាពខ្ពស់។
ឯកឧត្តម បានបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលនូវចំណេះដឹង និងជំនាញសំខាន់ៗ ពាក់ព័ន្ធនឹង ការគ្រប់គ្រងគេហំព័រ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាវិធានការការពារ សុវត្ថិភាពព័ត៌មាន គឺមានសារៈសំខាន់ណាស់ សម្រាប់ការអនុវត្តការងារនៅតាមអង្គភាព ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃ និងចូលរួមលើកកម្ពស់សុវត្ថិភាពប្រព័ន្ធព័ត៌មាន នៅតាមអង្គភាពរបស់ខ្លួន។
ឯកឧត្តម វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងាររៀបចំ គ្រូបង្គោល និងសិក្ខាកាម ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងអំឡុងពេលសិក្សា២ថ្ងៃកន្លងមកនេះ។
វគ្គបណ្តុះបណ្តាលនេះ បានផ្តោតលើការប្រើប្រាស់គេហទំព័រប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងទិន្នន័យ ការការពារសន្តិសុខបច្ចេកវិទ្យាព័ត៌មាន និងវិធីសាស្ត្រការពារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធានាឱ្យការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួង និងមន្ទីរព័ត៌មានរាជធានី-ខេត្ត កាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវបទពិសោធន៍ជាច្រើនដល់មន្ត្រី រួមទាំងការរៀបចំការអនុវត្តជាក់ស្តែង ដើម្បីធានាឱ្យបានថា សិក្ខាកាមទាំងអស់ «យល់ ចេះ និងអាចអនុវត្តបាន»៕



