វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់
ខេត្តព្រះសីហនុ ៖ វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបើកដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាព មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃឧក្រិដ្ឋកម្មឆ្លងដែននាសម័យឌីជីថល។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.។
វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថាប័នគន្លឹះៗ និងដៃគូអន្តរជាតិ រួមមាន ស្ថាប័នយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ (អាជ្ញាធរកណ្តាល), តំណាងពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងតំណាងពីសាលាដំបូងរាជធានី-ខេត្តគោលដៅ ស្ថាប័នអនុវត្តច្បាប់ តំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថាប័នគាំពារសង្គម តំណាងនៃនាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូអន្តរជាតិ មន្ត្រីជំនាញមកពីការិយាល័យអង្គការសហប្រជាជាតិ (UNODC)។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បទល្មើសបច្ចេកវិទ្យា មានការប្រែប្រួលទម្រង់កាន់តែស្មុគស្មាញ ដោយសារឧក្រិដ្ឋជនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើបៗធ្វើជាឧបករណ៍ដើម្បីបោកប្រាស់ និងអូសទាញជនរងគ្រោះ។ ហេតុដូចនេះហើយទើបទាមទារឱ្យសមត្ថកិច្ចជំនាញមានការយល់ដឹងកាន់តែច្បាស់អំពីយន្តការច្បាប់ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងការអនុវត្តច្បាប់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបោសសម្អាតនិងទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអោយអស់ចេញពីប្រទេសកម្ពុជា។
កម្មវិធីនេះមិនត្រឹមតែជាការដុសខាត់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាមួយដ៏សំខាន់ក្នុងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិ និងអន្តរជាតិ (ជាពិសេសជាមួយ UNODC) ក្នុងការរួមដៃគ្នាលុបបំបាត់រាល់ទម្រង់នៃឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕




