ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលជាតិនាពេលខាងមុខ

រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។

លទ្ធផល និងការបែងចែកភារកិច្ចនៅក្នុងអង្គប្រជុំជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមប្រជុំ និងបានជម្រាបជូនអំពីភារកិច្ចចាំបាច់នានា ដើម្បីធានាឱ្យពិធីខាងមុខប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំបានឯកភាពសម្រេចបែងចែកភារកិច្ចចំពោះការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលរដ្ឋបាលរាជធានីភ្នំពេញមានភារកិច្ចសហការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការសម្រួលចរាចរណ៍ ទាំងមុន ក្នុង និងក្រោយពេលប្រារព្ធពិធី ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ។

សម្រាប់ការងារបរិស្ថាន និងអនាម័យ ត្រូវចាត់ចែងធ្វើអនាម័យ និងសម្អាតតាមដងផ្លូវនានា ដែលថ្នាក់ដឹកនាំត្រូវអញ្ជើញឆ្លងកាត់។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា ដែលបានជម្រាបជូនអំពីកិច្ចការលម្អិត និងម៉ត់ចត់បំផុត ព្រមទាំងបានឯកភាពតាមការសម្រេចនិងបែងចែកភារកិច្ចជូនក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក ដើម្បីឲ្យកិច្ចការងារនេះប្រព្រឹត្តទៅបានយ៉ាងរលូននិងជោគជ័យ។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរំឮកថា៖ «ការត្រៀមលក្ខណៈរបស់អ្នកចូលរួមម្នាក់ៗ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវិន័យ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការយើង។ ដូច្នេះគ្រប់ក្រសួង-ស្ថាប័ន ត្រូវតែផ្សព្វផ្សាយការណែនាំទាំងនេះឱ្យបានដល់មន្ត្រីដែលត្រូវចូលរួមទាំងអស់ ដើម្បីធានាបាននូវភាពរលូន និងភាពជោគជ័យដ៏ត្រចះត្រចង់នៃពិធីសំណេះសំណាលនេះ» ព្រមទាំងសំណូមពរដល់សមាជិក សមាជិកាទាំងអស់ ឱ្យនាំយកស្មារតីនៃកិច្ចប្រជុំនេះ ទៅរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធរៀងៗខ្លួន ដើម្បីសហការអនុវត្តការងារឱ្យទទួលបានលទ្ធផលជោគជ័យ និងប្រសិទ្ធភាពខ្ពស់បំផុត។