ម្សិលមិញភាគខាងត្បូងប្រទេសចិនរងគ្រោះរញ្ជួយដី ថ្ងៃនេះភាគខាងកើតរងគ្រោះជំនន់ទឹកភ្លៀងវិញម្តង! ដែលបង្កឱ្យមានការជម្លៀសមនុស្សនិងរំខានចរាចរណ៍ទ្រង់ទ្រាយធំ

ម្សិលមិញរញ្ជួយដីនៅភាគខាងត្បូងប្រទេសចិន កម្រិត៥.២រ៉ិចទ័រ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ថ្ងៃនេះជំនន់ទឹកភ្លៀងបន្តនៅភាគខាងកើត និង ភាគកណ្តាលប្រទេសចិនវិញបានសម្លាប់មនុស្សម្នាក់បន្ថែមទៀត។ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ពាសពេញតំបន់ខ្លះនៃភាគកណ្តាល និងភាគខាងកើតនៅប្រទេសចិន ដែលបង្កឱ្យមានការរំខានទ្រង់ទ្រាយធំ។ ទឹកជំនន់បានជន់លិចផ្លូវថ្នល់ រំខានដល់ការធ្វើចរាចរណ៍នៅក្នុងទីក្រុងមួយចំនួន និងបង្ខំឱ្យប្រជាជនជម្លៀសខ្លួនចេញចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនមកម៉្លេះ។ មានមនុស្សម្នាក់ស្លាប់ ខណៈពីរនាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារស្រុក Shimen ក្នុងខេត្ត Hunan គិតត្រឹមម៉ោង 7 យប់ថ្ងៃចន្ទនេះ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រជាជនសរុបចំនួន ១៨.៤០៦នាក់ត្រូវបានជម្លៀសចេញ ហើយសម្ភារៈនានាក្នុងមូលដ្ឋានដែលរងផលប៉ះពាល់ត្រូវបានស្រោចស្រង់ខ្លះក៏បានទាន់ពេល ខ្លះក៏បានលិចលង់ទៅជាមួយដែរ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលមានទាំងប្រតិបត្តិការស្វែងរកមនុស្ស និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធកំពុងបន្តយ៉ាងសស្រាក់សស្រាំ។ ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានគេកត់ត្រានៅតាមទីកន្លែងជាច្រើនដែរក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV។ ទីក្រុងជាច្រើននៅក្នុងខេត្ត Hubei រួមមាន Jingzhou និង Zhijiang បានផ្អាកការងារ ផ្អាកផលិតកម្ម ប្រតិបត្តិការអាជីវកម្ម ផ្អាកសេវាដឹកជញ្ជូនសាធារណៈ និងថ្នាក់រៀននៅតាមទីក្រុងអំឡុងពេលមានទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ អាជ្ញាធរនៅ Jingzhou បានធ្វើឱ្យការឆ្លើយតបបន្ទាន់កម្រិត III សម្រាប់ការគ្រប់គ្រងទឹកជំនន់នៅវេលាម៉ោង ៧ព្រឹកថ្ងៃចន្ទ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជន់លិចធ្ងន់ធ្ងរ និងហានិភ័យទឹកជំនន់កើនឡើងដែរនៅក្នុងតំបន់កណ្តាលទីក្រុង។ យោងតាម ​​សារព័ត៌មាន Hubei Daily បានឲ្យដឹងទៀតថា នៅក្នុងទីក្រុង Zhijiang វិញអាជ្ញាធរមូលដ្ឋានបានចាប់ផ្តើមធ្វើប្រតិបត្តិការដើម្បីសម្អាតយានយន្តដែលជាប់គាំងដោយសារទឹកភ្លៀង និងជម្លៀសប្រជាជនចំនួន ១៨២ នាក់ចេញជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ពួកគេ៕

សម្រួលអត្ថបទ៖​ សុផារិន្ទ