កម្មវិធី BEEP ផ្តល់ក្តីសង្ឃឹមថ្មីដល់យុវជនបោះបង់ការសិក្សាឱ្យទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារនិងប្រាក់ខែសមរម្យ

នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) រួមមានលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធាននៃគណៈប្រឹក្សាភិបាលនៃ DEY III តំណាងអង្គការ ILO, SDC, UNESCO និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតធ្វើទស្សនកិច្ចការអនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) នៅវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) ដើម្បីឈ្វេងយល់ពីដំណើរការនិងផលជះវិជ្ជមាននៃកម្មវិធីក្នុងការគាំទ្រដល់សិស្សដែលបោះបង់ការសិក្សា ការអភិវឌ្ឍជំនាញ ក៏ដូចជាពីបញ្ហាប្រឈម និងការងារអនាគតសម្រាប់សិក្ខាកាមបន្ទាប់ពីចប់ការសិក្សា។

ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកម្មវិធី BEEP ដែលអនុវត្តដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីអង្គការ UNESCO និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានក្លាយជាគំរូដ៏ល្អមួយនៃកិច្ចសហការរវាងក្រសួង។ តាមរយៈការផ្តល់នូវមធ្យោបាយសិក្សាដែលមានភាពបត់បែន និងងាយស្រួល កម្មវិធីនេះបានអនុញ្ញាតឱ្យយុវជនបោះបង់ការសិក្សា និងក្រៅប្រព័ន្ធសិក្សាអាចបន្តការសិក្សារបស់ខ្លួន ដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ឡើងវិញយ៉ាងច្បាស់នូវការពិតមួយដែលមិនអាចបដិសេធបាន នោះគឺត្រូវតែបន្តពង្រឹងទំនាក់ទំនងដ៏សំខាន់រវាងការអប់រំ ការអភិវឌ្ឍជំនាញទំនើប និងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ ខណៈដែលកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងរឹងមាំ ការវិនិយោគលើធនធានមនុស្សនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ សិស្សនៅមណ្ឌលសិក្សានៃកម្មវិធី BEEP បានឡើងបង្ហាញបទពិសោធ និងភាពជោគជ័យរបស់ខ្លួនជូនគណៈប្រឹក្សាភិបាលផងដែរ។ ពួកគាត់ជាអតីតអ្នកដែលបោះបង់ការសិក្សាដោយមូលហេតុផ្សេងៗ ប៉ុន្តែកម្មវិធី BEEP បានផ្តល់ឱកាសដល់ពួកគាត់កសាងអនាគតជាថ្មីម្តងទៀតតាមរយៈជម្រើសសិក្សាតាមប្រព័ន្ធអនឡាញពីចម្ងាយ។ យុវតី ស៊ឹម ធារ៉ា បាននិយាយថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតថ្នាក់ទី ៩ នាងបានចុះឈ្មោះរៀនជំនាញអគ្គិសនីកម្រិត C1, C2 និង C3 រហូតចប់ ហើយបានបន្តកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសក្នុងជំនាញដដែលនេះ។ តំណាងឱ្យមិត្តរួមថ្នាក់ នាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធី BEEP ដែលបានផ្តល់ឱកាសជាលើកទី ២ ដល់កញ្ញា ក៏ដូចជាយុវជនដទៃទៀត ហើយបានសំណូមពរឱ្យបន្តកម្មវិធីនេះទៀត ព្រមទាំងលើកទឹកចិត្តដល់យុវជនដែលបោះបង់ការសិក្សាកុំឱ្យបាក់ទឹកចិត្តហើយត្រឡប់មករកកម្មវិធីសិក្សាបែបនេះវិញ។

តំណាងទីភ្នាក់ងារអង្គការ UN ប្រចាំកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរចំពោះប្អូនៗក្នុងការតស៊ូរៀនសូត្រទាំងមុខវិជ្ជា និងការបណ្តុះបណ្តាលវិជ្ជាជីវៈរហូតទទួលបានការងារជាមួយនឹងប្រាក់ខែសមរម្យសម្រាប់ផ្គត់ផ្គង់ទាំងខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។ លោកស្រី Vladanka Andreeva បានមានប្រសាសន៍ថា អង្គការ UN ប្រចាំកម្ពុជានឹងបន្តកិច្ចសហការប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ជាពិសេសក្នុងការអប់រំប្រកបទៅដោយសមធម៌ ដោយលោកស្រីបានលើកទឹកចិត្តឱ្យប្អូនៗកុំបញ្ឈប់ការសិក្សាត្រឹមកម្រិតនេះ តែត្រូវខិតខំបន្តឆ្ពោះទៅមុខទៀតបន្ថែមទៀត។

ឯកឧត្តម ហេង សួរ បានកោតសរសើរចំពោះការតស៊ូរបស់ប្អូនៗរហូតបន្តទៅកម្មវិធីជំនាញផ្សេងៗ ហើយតាមរយៈគំរូនេះរបស់ប្អូនៗ កម្មវិធីនេះកំពុងតែទាក់ទាញយុវជនផ្សេងៗទៀតឱ្យវិលត្រឡប់ចូលសិក្សាវិញ ដើម្បីទទួលបានឱកាសដូចប្អូនៗផងដែរ។ ឯកឧត្តមគូសបញ្ជាក់ថា កម្មវិធី BEEP គឺជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់យុវជនមកកាន់ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាផ្លូវការឡើងវិញ ដែលផ្តល់ឱកាសការងារតាមត្រូវការទីផ្សារដ៏ច្រើន។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តកម្មវិធីនេះទៅមុខទៀត ដើម្បីយុវជនជំនាន់ក្រោយមានឱកាសកសាងអនាគតជាថ្មីតាមរយៈកម្មវិធី BEEP ដែលបានក្លាយជានិមិត្តរូបរបស់អង្គការ UNESCO ក្រោមកិច្ចសហការជាមួក្រសួងទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SDC តំណាងទីភ្នាក់ងារ UN ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកម្មវិធីដ៏សំខាន់ទាំងនេះក្លាយជាការពិត។

កម្មវិធី DEY III គឺជាគំនិតផ្តួចផ្តើមរួមរវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) ដែលបានគាំទ្រយុវជនជាង ៣០ ០០០នាក់ ជាពិសេសយុវជនមកពីក្រុមងាយរងគ្រោះ ក្នុងការទទួលបានឱកាសអភិវឌ្ឍជំនាញ ការងារ និងសហគ្រិនភាព ព្រមទាំងពង្រឹងគោលនយោបាយ និងប្រព័ន្ធលើកកម្ពស់ការងារសមរម្យនៅកម្ពុជា៕