ខេត្តកណ្តាល ៖ ឯកឧត្តម គុ្រយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរភូមិមួយផលិតផលមួយខេត្តកណ្តាល ដែលព្រឹតិការណ៏នេះនឹងធ្វើនៅសួនច្បារក្រុងតាខ្មៅ នាថ្ងៃទី២៨-៣០ ខែឧសភា ឆ្នាំ២០២៦ និងការត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងអាជីវកម្មសម្រាប់បណ្តុំអ្នកផលិត នៅស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកស្អាង ដោយបានការអញ្ជើញចូលរួមពីក្រុមការងារលេខាធិការដ្ឋានគណៈកម្មការជាតិភូមិ១ផលិតផល១(ភ១ផ១) មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ផងដែរ។
សូមបញ្ជាក់ថា៖ ក្នុងទិសដៅបង្កើនការផលិត ការប្រើប្រាស់ផលិតផលក្នុងស្រុក និងដើម្បីអនុវត្តតាមអនុសាសន៍ណែនាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច មធ្យម ជា ពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជំរុញចលនាភូមិមួយផលិតផលមួយតាមបណ្តារាជធានី ខេត្ត។ បច្ចុប្បន្នផលិតផលខេត្តកណ្តាល បានចុះបញ្ជីជាផលិតផលភូមិមួយផលិតផលមួយមានចំនួន៣៣ មុខ ឆ្នាំ២០២៤ និងឆ្នាំ២០២៥ មានចំនួន៥៣ (កំពុងពិនិត្យ) និងបានចងក្រងបណ្ដុំអ្នកផលិតបានចំនួន៣ ទីតាំងក្នុងស្រុកស្អាង (ក្រុមផលិតឆៃប៉ូវ) ស្រុកពញាឮ (ក្រុមផលិតកន្ត្រក និងសមាគមន៍ចម្លាក់ប្រាក់ ស្ពាន់) និងស្រុកមុខកំពូល (ក្រុមអ្នកផលិតក្រមា)។
ដើម្បីបំពេញតាមសំណូមពរពីផលិតករ សិប្បករ ខាងលើ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានសហការជាមួយដៃគូពាក់ព័ន្ធមួយចំនួន ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សហគ្រិនខ្មែរ (KE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលរិទ្ធិពល គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រាសក្រៅប្រព័ន្ធ និងព្រឹត្តិការផ្សព្វផ្សាយផលិតផលខ្មែរភូមិមួយផលិតផលមួយ៕



