ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចុះពិនិត្យការស្តារប្រឡាយទឹក ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងទឹកសម្រាប់បម្រើវិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
(ក្រចេះ)៖ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង រួមទាំងមន្ត្រីជំនាញបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានអញ្ជើញចុះទៅពិនិត្យមើលដំណើរការស្តារបឹងកញ្ជន់ជ័យ និងប្រឡាយបឹងផ្ទាល ឃុំខ្សាច់អណ្តែត ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ។
លោក ហេង រ័ត្នមុនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានជម្រាបជូនថា ប្រឡាយទឹកនេះត្រូវបានសាងសង់ជាលើកដំបូងក្នុងឆ្នាំ២០០៦ ក្រោមប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាសុី ADB ដោយគាំទ្រដីកសិកម្មចំនួនជាង ៣០០ហិកតា។
ប្រឡាយទឹកនេះមានប្រវែង ៤.៨គីឡូម៉ែត្រ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការស្តារឡើងវិញ ក្រោមគម្រោងអភិវឌ្ឍថវិកាមូលនិធិឃុំ ដើម្បីគាំទ្រដល់វិស័យកសិកម្ម ការពារទឹកជំនន់ និងផ្តល់ទឹកសម្រាប់សកម្មភាពកសិកម្ម និងការដាំដុះដំណាំសម្រាប់កសិករក្នុងតំបន់។ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តក្រចេះ បានបញ្ជាក់ថា ការស្តារប្រឡាយទឹកនេះ គ្រោងបញ្ចប់នៅក្នុងពេលខាងមុខ ហើយនឹងអាចនាំយកទឹកមកស្រោចស្រពផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋចន្លោះជាង ៤០០ ទៅ ៤៥០ហិកតា។
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ថា គម្រោងស្តារប្រឡាយទឹកនេះឡើងវិញគឺបានបង្កើនក្តីសង្ឃឹមសម្រាប់កសិករនៅខេត្តក្រចេះ ហើយការស្តារប្រឡាយទឹកនេះ ត្រូវបានចាត់ទុកជាការងារមានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យកសិកម្ម កាត់បន្ថយបញ្ហាខ្វះទឹក និងចូលរួមលើក ស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ប្រធានបានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ឲ្យ ធ្វើពិពិធកម្ម សកម្មភាពកសិកម្ម ដោយការដាំដំណាំផ្សេងៗ បន្ថែម ពីការធ្វើស្រែចម្ការដើម្បីបង្កើន ប្រាក់ចំណូលនិង ពង្រឹងជីវភាព រស់នៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការអនុវត្តការងារស្តារប្រឡាយឱ្យមានគុណភាព និងប្រសិទ្ធភាព ដើម្បីធានាការប្រើប្រាស់ទឹកបានល្អប្រសើរ ជាពិសេសក្នុងរដូវប្រាំង និងរដូវវស្សា។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំឱ្យអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានទឹក និងថែទាំប្រព័ន្ធប្រឡាយឱ្យបានល្អ នៅពេលស្តារឡើងវិញរួចរាល់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយូរអង្វែង។
ប្រជាពលរដ្ឋនៅក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ បានសម្តែងក្តីសង្ឃឹមថា គម្រោងស្តារប្រឡាយទឹកនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងជំរុញផលិតភាពកសិកម្មនៅក្នុងតំបន់។
ប្រជាកសិករ ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការត្រួតពិនិត្យគម្រោងស្តារឡើងវិញ បានលើកឡើងថា “ខ្ញុំសង្ឃឹមថា បន្ទាប់ពីប្រឡាយទឹកត្រូវបានបញ្ចប់ យើងអាចចាប់ផ្តើមដាំដុះសាកល្បងបាន”។
កសិករនៅក្នុងឃុំនេះ បច្ចុប្បន្ន អាចធ្វើស្រែ បានចន្លោះ ពី ៤ ទៅ ៥តោន ក្នុងមួយហិកតា៕



