ឯកឧត្តម ម៉ាង សុីណេត ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ ជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៦៥ គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី។ ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា។

ក្រៅពីការសំណេះសំណាលរួច ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានចុះពិនិត្យដោយផ្ទាល់ដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែង។ បន្ទាប់មក ឯកឧត្តមបានបន្តដំណើរទៅពិនិត្យមើលដំណើរការផ្តល់សេវាសុខាភិបាលនៅ មណ្ឌលសុខភាពអូតាសេក ។ ហើយបានសួរសុខទុក្ខ និងផ្ដល់ថវិកាឧបត្ថម្ភមួយចំនួនដល់ស្ត្រីដែលទើបសម្រាលកូនរួច ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងជាការលើកទឹកចិត្តដល់សុខភាពមាតានិងទារក។ ការចុះផ្ទាល់នេះ ក៏ដើម្បីស្តាប់នូវសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ពលរដ្ឋក្នុងមូលដ្ឋាន សំដៅរៀបចំដំណោះស្រាយឱ្យបានទាន់ពេលវេលា។

សកម្មភាពនាថ្ងៃនេះ បានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់មិនចេះរីងស្ងួតរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងការបម្រើប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍។ ទាំងអំណោយជារបស់ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា សុទ្ធតែជាសក្ខីភាពនៃវប្បធម៌ចែករំលែក និងការមិនបោះបង់ពលរដ្ឋណាម្នាក់ចោល។

បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំទំនប់រលក បានសម្ដែងនូវក្ដីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែនៅក្បែរ និងជួយសង្គ្រោះពួកគាត់គ្រប់កាលៈទេសៈ៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ ស្រីមុំ