ឯកឧត្តម អ៊ុក គឹមសេង ជំរុញឱ្យទូរទស្សន៍ KPS99 ពង្រឹងការផ្សព្វផ្សាយសក្តានុពលខេត្តព្រះសីហនុ ទៅកាន់ឆាកអន្តរជាតិ!

ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងគុណភាពវិស័យព័ត៌មាន និងតម្រង់ទិសការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកវិស័យព័ត៌មានខេត្តព្រះសីហនុ អមដំណើរដោយ លោក ខៀវ សាវ៉ុន ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីដំណើរការទូទៅនៅស្ថានីយទូរទស្សន៍ KPS99។

ក្នុងឱកាសនោះ លោក Liu Tai នាយកប្រតិបត្តិនៃស្ថានីយទូរទស្សន៍ KPS99 រួមជាមួយបុគ្គលិកគ្រប់ផ្នែក បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោកនាយកប្រតិបត្តិបាននាំឯកឧត្តម និងក្រុមការងារ ទស្សនាដោយផ្ទាល់នូវ៖

• ការិយាល័យនិពន្ធ៖ ទីកន្លែងផលិត និងផ្ទៀងផ្ទាត់ខ្លឹមសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។

• បន្ទប់គ្រប់គ្រងការផ្សាយ (Master Control Room): ដែលបំពាក់ដោយបច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់។

• ស្ទូឌីយ៉ូផ្សាយផ្ទាល់៖ បំពាក់ដោយឧបករណ៍ទំនើប កាមេរ៉ាកម្រិតច្បាស់ (High Definition) និងប្រព័ន្ធពន្លឺស្តង់ដារអន្តរជាតិ។

• សារមន្ទីរ KPS99: ដែលជាទីកន្លែងតម្កល់ទុកវត្ថុបុរាណមានតម្លៃជាច្រើន។

លោក Liu Tai បានបញ្ជាក់ថា គោលដៅចម្បងរបស់ KPS99 គឺមិនត្រឹមតែផ្តល់ព័ត៌មានទាន់ហេតុការណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាស្ពានចម្លងដ៏សំខាន់ ក្នុងការលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៃខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ជាពិសេសទីផ្សារប្រទេសចិន ដើម្បីទាក់ទាញលំហូរវិនិយោគមកកាន់កម្ពុជា។

ឯកឧត្តម អ៊ុក គឹមសេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគលើវិស័យព័ត៌មាន ដែលមានលក្ខណៈបច្ចេកទេសទំនើប។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ការមានស្ទូឌីយ៉ូទំនើបគឺជាចំណុចខ្លាំង ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការប្រើប្រាស់ឧបករណ៍ទាំងនោះផលិតមាតិកាដែលមានខ្លឹមសារទាក់ទាញ ដើម្បីបង្ហាញឱ្យពិភពលោកឃើញពីភាពរីកចម្រើន និងភាពស្រស់ស្អាតនៃតំបន់សមុទ្រកម្ពុជា ដែលជាកត្តាគន្លឹះក្នុងការនាំមកនូវវិនិយោគិន និងភ្ញៀវទេសចរ។”

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មាន ចំពោះប្រព័ន្ធផ្សព្វផ្សាយឯកជន ដែលជាដៃគូមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់ជាតិ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ទូរទស្សន៍ KPS99 នឹងបន្តរីកចម្រើន និងបំរើដល់ផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចនៅក្នុងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ:ស្រីមុំ