កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹងសាមគ្គីភាពជាប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យសម្រេចបាន ២០ពាន់លានដុល្លារ

នៅវិមានរដ្ឋសភា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្ដម ទ្រិញ វ៉ាន់គៀត (Trịnh Văn Quyết) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរឹតចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅនិងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់
គណៈប្រតិភូដែលឆ្លុះបញ្ចាំងពីអត្ថន័យយុទ្ធសាស្ត្រក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ឯកឧត្ដមបានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវស្មារតី «ភាពអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដោយចាត់ទុកវៀតណាមជាសមាជិកគ្រួសារដ៏ជិតស្និទ្ធនិងជាដៃគូយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តបំផុត។ ជាមួយគ្នានេះភាគីកម្ពុជាបានសម្តែងការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាម និងគាំទ្រចក្ខុវិស័យឆ្នាំ២០៤៥ ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចភាគីទាំងពីរបានប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ តាមរយៈការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ហូជីមិញ ដែលនឹងជួយសម្រួលដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្ដម ទ្រិញ វ៉ាន់គៀត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែជួយសម្រួលដល់ការរស់នៅរបស់សហគមន៍វៀតណាម និងការវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនៅកម្ពុជាឱ្យមានដំណើរការល្អប្រសើរ។

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចភាគីថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការងារការទូតសភា ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិកម្មនិងការអប់រំយុវជនជំនាន់ក្រោយ ឱ្យយល់ដឹងពីតម្លៃនៃសាមគ្គីភាពជាប្រវត្តិសាស្ត្រ។ លើសពីនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្ដម ទ្រិញ វ៉ាន់គៀត (Trịnh Văn Quyết) ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែលប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញថ្នាក់ដឹកនាំ រដ្ឋសភាវៀតណាមចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC) និងវេទិកាថ្នាក់ដឹកនាំ AIPA ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍក្នុងតំបន់ឱ្យស្ថិតស្ថេរជាអមតៈ៕