ដំណើរកំសាន្តទេសចរណ៍លើនាវាក្លាយជាសោកនាដកម្មផ្ទុះមេរោគថ្មី Hantavirus! ទោះបីគ្មានថ្នាំព្យាបាល-គ្មានវ៉ាក់សាំងការពារក្តី ប៉ុន្តែការរកឃើញលឿនគឺអាចមានអត្រាសង្រ្គោះជីវិតបានលឿនដែរ

អ្នកដំណើរចុងក្រោយដែលនៅសេសសល់នៅលើនាវាទេសចរណ៍ដែលរងផលប៉ះពាល់ករណីផ្ទុះឡើងនៃមេរោគដំបូង hantavirus ដ៏សាហាវបានចុះចាកចេញអស់ហើយ ក្រោយការសម្របសម្រួលដោយអាជ្ញាធរសុខាភិបាលអេស្ប៉ាញ និង អង្គការសុខភាពពិភពលោកពីមួយដំណាក់កាលទៅមួយដំណាក់កាល។ បន្ទាប់មកពួកគេបានឡើងយន្តហោះទៅកាន់ប្រទេសជាង ២០ផ្សេងគ្នាដើម្បីធ្វើចត្តាឡីស័ក្ក៦សប្តាហ៍។ ស្ត្រីជនជាតិបារាំងម្នាក់គឺជាមនុស្សចុងក្រោយដែលត្រូវបានគេបញ្ជាក់ថាបានឆ្លងមេរោគនោះ ខណៈដែលជនជាតិអាមេរិកម្នាក់ត្រូវបានគេសង្ស័យថាបានឆ្លងមេរោគនោះដែរបន្ទាប់ពីបានធ្វើតេស្តដំបូង។ អ្នកដំណើរបានចាប់ផ្តើមហោះហើរត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញតាមរយៈយន្តហោះយោធា និងយន្តហោះរដ្ឋាភិបាលចាប់ពីថ្ងៃអាទិត្យមក ក្រោយពីនាវា MV Hondius បានចូលចតនៅកោះ Canary។ បុគ្គលិកដែលស្លៀកពាក់ឈុតការពារពេញរាងកាយ និងម៉ាស់ដកដង្ហើមបានអមដំណើរ ជាមួយអ្នកដំណើរចេញនាវាទៅកាន់ច្រាំងនៅ Tenerife ដែលវាជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការវីរុសឆ្លង។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា “ប្រសិនបើពួកគេស្នាក់នៅលើនាវាយូរជាងនេះ ស្ថានភាពអាចនឹងពិបាកប៉ាន់ស្មាន។ លោកបាននិយាយថា ពលរដ្ឋនៃប្រទេសដែលជាអ្នកដំណើរកំពុងវិលត្រឡប់ទៅផ្ទះរបស់ពួកគេគួរតែដឹងថា “គ្មានអ្វីគួរឱ្យខ្លាចទេនោះទេ ព្រោះមេរោគនេះវាហានិភ័យទាបកម្រិតទី៣ វាមិនមែនជាមេរោគ COVID មួយផ្សេងទៀតនោះទេ”។ អ្នកដំណើរនាវាទេសចរណ៍៣នាក់បានស្លាប់ ហើយមនុស្ស៦នាក់ដែលឆ្លងមេរោគ hantavirus ត្រូវបានគេបញ្ជាក់ថាកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នេះបើយោងតាមអង្គការសុខភាពពិភពលោក។ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកស្រី Sarah Tyler បាននិយាយថា លទ្ធផលពីមន្ទីរពិសោធន៍របស់ជនជាតិអាមេរិកដែលបានធ្វើតេស្តវិជ្ជមានគឺមិនមានលទ្ធផលច្បាស់លាស់នៅឡើយទេ។ អាជ្ញាធរសុខាភិបាលនិយាយថា នេះគឺជាការផ្ទុះឡើងនៃមេរោគ hantavirus លើកដំបូងនៅលើនាវាទេសចរណ៍។ ខណៈពេលបច្ចុប្បន្នវាមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងសម្រាប់ការពារមេរោគ hantavirus ឡើយ! ប៉ុន្តែការរកឃើញនិងការព្យាបាលទាន់ពេលវេលាគឺវាអាចជួយបង្កើនអត្រារស់រានមានជីវិតសម្រាប់អ្នកជំងឺបាន៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ