ទោះ WHO បញ្ជាក់ថា Hantavirus មិនដូចកូវីដជំនាន់បន្ទាប់ក្តី ប៉ុន្តែអាជ្ញាធរសុខាភិបាលនីមួយៗមិនអាចធ្វេសប្រហែសបានទេ! ខណៈអ្នកដំណើរចាកចេញពីនាវាគឺមានវ័យចំណាស់ៗនិងបានរូប Selfie ខ្លួនឯង…  

នាវាដែលជាចំណុចចាប់ផ្តើមផ្ទុះមេរោគ Hanta កំពុងត្រូវបានអង្គការ WHO និង ពិភពលោកតាមដានយ៉ាងយកចិត្តទុកបំផុតពីរបៀបដែលវាផ្ទុះឡើងនិងឆ្លងនៅលើនាវានោះ ដោយសារមានអ្នកដំណើរ និង នាវិកជិត១៥០នាក់បានស្ថិតនៅលើនាវា ក្នុងដំណើរទេសចរណ៍ចាប់តាំងពីថ្ងៃទី១ ខែមេសាមក ចាប់ផ្តើមចេញដំណើរពីប្រទេសហូឡង់ ឆ្លងកាត់អាហ្សង់ទីន និង កំពង់ផែ Cape Verd ជាមួយអ្នកដំណើរ២៣សញ្ញាតិផ្សេងគ្នា មានទាំងអ៊ីស្រាអែល អង់គ្លេស បារាំង ឥណ្ឌា អាម៉េរិក និង ជាច្រើនទៀត ក្រោយពីប្រទេសនីមួយៗបានបញ្ជាក់ ទោះបីជា WHO បញ្ជាក់ថាវាមិនដូចកូវីដជំនាន់ក្រោយក្តី ប៉ុន្តែក្តីព្រួយបារម្ភដោយឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់នៃស្ថានភាពវីរុសរាតត្បាត៣ឆ្នាំមកនេះ បានធ្វើអាជ្ញាធរសុខាភិបាល និង ប្រទេសទាំងអស់លើពិភពលោកមិនអាចព្រងើយកន្តើយ ឬ មិនត្រៀមបង្ការជាមុននោះទេ។
កាលពីថ្ងៃអាទិត្យនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញបានបញ្ជាក់ថា ការងារថ្ងៃដំបូងនៃការជម្លៀសមនុស្សចេញពីនាវាទេសចរណ៍ដែលរងគ្រោះដោយមេរោគប្រភេទថ្មី hantavirus ដែលបានចូលចតនៅ Tenerife គឺបញ្ចប់ហើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយពីកោះអេស្ប៉ាញ លោកស្រី Monica Garcia បាននិយាយថា ដំណើរការនេះធ្វើទៅដោយរលូន និងស្របតាមផែនការគ្រោងទុក។ លោកស្រីបាននិយាយថា “យើងយកមនុស្សចេញចំនួន ៩៤នាក់ មកពី១៩សញ្ជាតិ ដោយប្រើជើងហោះហើរចំនួន៧ ផ្ទុក៨សញ្ជាតិ និងជើងហោះហើរមួយទៀតមាន១១សញ្ជាតិ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះផងដែរ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Ghebreyesus បានកត់សម្គាល់ពីលទ្ធភាពនៃរោគសញ្ញា នៃមេរោគនេះ ប៉ុន្តែលោកបាននិយាយថា ពួកវាអាចមានភាពខុសគ្នាដាច់ដោយឡែកនៃមេរោគ hantavirus ដោយសារតែអាយុរបស់អ្នកដំណើរ។ លោកបានមានប្រសាសន៍ថា “ពួកគេភាគច្រើនមានវ័យចំណាស់ ហើយពួកគេមានជំងឺរ៉ាំរ៉ៃជាច្រើនទៀតដែរ ហើយអាចមានរោគសញ្ញាដែលទាក់ទងនឹងរោគសញ្ញាទាំងនោះទៀត”។ “វាមិនមានន័យថាវាទាក់ទងនឹងមេរោគ hantavirus ទេ ប៉ុន្តែជាការពិតណាស់ វាក៏អាចមានដែរ”។ មន្ត្រីជំនាញកក៏បានមកដល់កោះនេះដើម្បីសម្របសម្រួលដំណើរការយកអ្នកដំណើរចេញពីនាវា និងយកនាវិកមួយចំនួនចេញដែរ។ វីរុស Hantavirus អាចបង្កជាជំងឺដែលគំរាមកំហែងដល់អាយុជីវិតប្រាកដមែន។ ជាធម្មតាវារីករាលដាលនៅពេលដែលមនុស្សស្រូបចូលសំណល់លាមកប្រភេទសត្វដែលកកេរ មានដូចជាកណ្ដុរជាដើម ដែលវាមានមេរោគ ហើយមិនងាយឆ្លងរវាងមនុស្សនិងមនុស្សនោះទេ។ មនុស្ស៣នាក់បានស្លាប់ចាប់តាំងពីវាបានផ្ទុះឡើង ហើយអ្នកដំណើរ៥នាក់ដែលបានចាកចេញពីនាវានោះពិតជាបានឆ្លងវីរុស hantavirus ប្រាកដមែន។ លោក Tedros បានស្វែងរកការធានាដល់ប្រជាជននៅលើកោះអេស្ប៉ាញ ដោយចេញសារដោយផ្ទាល់ទៅកាន់ពួកគេថា វីរុសនេះ “មិនមែនជា COVID មួយផ្សេងទៀតនោះទេ”។ អ្នកដំណើរមកពីនាវាទេសចរណ៍ដែលរងគ្រោះដោយវីរុស hantavirus បានថត Selfie ខ្លួនឯងមុនឡើងយន្តហោះនៅអាកាសយានដ្ឋាន Tenerife មុនពេលពួកគេហោះទៅកាន់ប្រទេសហូឡង់។ យោងតាមក្រសួងការបរទេសហូឡង់បានបញ្ជាក់ថា មនុស្ស២៩នាក់ត្រូវបានឡើងយន្តហោះជួលរបស់ហូឡង់ រួមទាំងជនជាតិហូឡង់ និងអ្នកដំណើរមួយចំនួនដែលមានសញ្ជាតិផ្សេងទៀតដែរ។ យោងតាមក្រសួងសុខាភិបាលអេស្ប៉ាញ អង្គការសុខភាពពិភពលោក និងក្រុមហ៊ុននាវាទេសចរណ៍ Oceanwide Expeditions បាននិយាយថា គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សជាង ១៤០នាក់នៅលើនាវា MV Hondius បានបង្ហាញរោគសញ្ញានៃវីរុសនោះនៅឡើយទេ។ យ៉ាងណាក៏ដោយ អ្នកដំណើរ និងអ្នកមើលថែពួកគេគឺតម្រូវឲ្យពាក់ឧបករណ៍ការពារឲ្យបានម៉ត់ចត់ក្នុងដំណើរការជម្លៀសចេញ រួមទាំងមានម៉ាស់មុខ ឈុតការពារ និងឧបករណ៍ជំនួយដង្ហើមជាដើម។ អ្នកដំណើរ និងសមាជិកនាវិកមួយចំនួនមកពីជាង ២០សញ្ជាតិនៅលើនាវាត្រូវជម្លៀសចេញពេញមួយថ្ងៃអាទិត្យនិងបន្តដល់ថ្ងៃចន្ទនេះ។ អាជ្ញាធរអេស្ប៉ាញបាននិយាយថា នាវិកមួយចំនួន ក៏ដូចជាសពរបស់អ្នកដំណើរម្នាក់ដែលបានស្លាប់នៅលើនាវា នឹងនៅតែដាក់ស្ថិតនៅលើនាវា ដោយបន្តដំណើរទៅកាន់ទីក្រុង Rotterdam ក្នុងប្រទេសហូឡង់ ជាកន្លែងដែលនាវានឹងត្រូវគេសម្លាប់មេរោគចុងក្រោយដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ