រកឃើញសពអ្នកឡើងភ្នំ៣នាក់ហើយ បន្ទាប់ពីភ្នំភ្លើង Dukono បានផ្ទុះឡើងភ្លាមៗដោយសារពួកគេបំពានវិធានការរឹតបន្តឹងសុវត្ថិភាពរបស់ឥណ្ឌូណេស៊ីជាជម្រកនៃភ្នំភ្លើងចំនួន១២០ភ្នំ

មន្ត្រីបាននិយាយថាក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពស្ត្រីឥណ្ឌូនេស៊ីម្នាក់ ដែលបានជាប់ខាងក្នុងក្រោយពីមានបន្ទុះភ្នំភ្លើង Dukono នៅលើកោះ Halmahera (ហាលម៉ាហេរ៉ា) ដ៏ដាច់ស្រយាលរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសៅរ៍មក។ ទីតាំងរបស់សពអ្នកឡើងភ្នំជនជាតិសិង្ហបុរីពីរនាក់ក៏បានរកឃើញជាបន្តបន្ទាប់ដែរ ហើយក្រុមជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការរុករកជាបន្តក្រោយពីភ្នំភ្លើងដ៏ខ្ពស់នេះបញ្ចេញសកម្មភាព។ អ្នកឡើងភ្នំទាំងនោះស្ថិតក្នុងចំណោមមនុស្ស ២០នាក់ ដែលដើរឡើងភ្នំភ្លើងកម្ពស់ ១៣៥៥ម៉ែត្រ ដោយពួកគេប្រឆាំងនឹងវិធានការរឹតបន្តឹងផ្នែកសុវត្ថិភាព ហើយពួកគេក៏បានជាប់គាំងនៅពេលដែលភ្នំ Dukono បានផ្ទុះឡើងកាលពីព្រឹកថ្ងៃសុក្រ ដោយវាបានបញ្ចេញផេះក្រាស់មួយដុំដំឡើងទៅលើអាកាសកម្ពស់ប្រហែល ១០ គីឡូម៉ែត្រ។ ស្ត្រីជនជាតិឥណ្ឌូណេស៊ីរូបនេះកាន់អត្តសញ្ញាណឈ្មោះ Enjel និងត្រូវគេស្គាល់ថាជាអ្នកឡើងភ្នំក្នុងស្រុកម្នាក់ត្រូវគេរកឃើញនៅចម្ងាយប្រហែល ៥០ម៉ែត្រ ពីគែមនៃរណ្ដៅភ្នំភ្លើងដ៏ធំ នេះបើតាមសម្តីរបស់លោក Iwan Ramdani ដែលជាប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះក្នុងស្រុក។ Ramdani បានបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានឆ្លងកាត់ស្ថានភាពមួយដ៏លំបាកតម្រូវឱ្យមានការគណនាយ៉ាងប្រុងប្រយ័ត្ន និងយុទ្ធសាស្ត្រជម្លៀសមនុស្សតាមការគ្រោងទុកយ៉ាងម៉ត់ចត់បំផុត ចៀសគ្រោះថ្នាក់ដល់អ្នកជួយសង្រ្គោះជាច្រើននាក់ពីសំណាក់ភ្នំភ្លើង”។ ប៉ុន្មានម៉ោងបន្ទាប់ពីភ្នំភ្លើងផ្ទុះ មានអ្នកឡើងភ្នំចំនួន១៧ នាក់ត្រូវបានគេជម្លៀសចេញដោយសុវត្ថិភាព រួមទាំងជនជាតិសិង្ហបុរីចំនួន៧នាក់ និងជនជាតិឥណ្ឌូណេស៊ី២នាក់ ដោយចំណោមអ្នកដែលត្រូវបានជម្លៀសចេញចំនួន១០នាក់គឺរងរបួសរលាកស្រាល។ ភ្នំភ្លើង Dukono ស្ថិតនៅកម្រិតប្រកាសអាសន្នខ្ពស់បំផុតទី២ចាប់តាំងពីឆ្នាំ ២០០៨ មក។ អាជ្ញាធរបានអនុវត្តតំបន់នោះជាតំបន់ហាមឃាត់ចម្ងាយ៤គីឡូម៉ែត្រ ពីជុំវិញរណ្ដៅភ្នំភ្លើងដ៏សកម្មនេះ កាលពីខែធ្នូ ឆ្នាំ២០២៤ដែរ។ អាជ្ញាធរមូលដ្ឋានបានបិទផ្លូវឡើងភ្នំទាំងអស់ទៅកាន់ភ្នំភ្លើង Dukono ជាផ្លូវការក្នុងខែមេសា និងបានពង្រឹងបំរាមឃាត់បន្ទាប់ពីវាផ្ទុះជាថ្មីកាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានព្រមានថា ការចូលទៅក្នុងតំបន់ហាមឃាត់អាចបណ្តាលឱ្យមានទណ្ឌកម្មផ្នែកច្បាប់។ ទីភ្នាក់ងារនេះបានជំរុញឱ្យអ្នកឡើងភ្នំ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវគោរពតាមអនុសាសន៍សុវត្ថិភាព ដែលជាការរឹតបន្តឹងស្រដៀងគ្នា និងអនុវត្តចំពោះភ្នំភ្លើងសកម្មរាប់សិបផ្សេងទៀតនៅទូទាំងប្រទេសដែលបច្ចុប្បន្នស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់ៗដែរ។ សូមរំលឹកថាប្រទេសឥណ្ឌូណេស៊ី ជាប្រទេសប្រជុំកោះដែលមានប្រជាជនជាង២៧០លាននាក់ ស្ថិតនៅតាមបណ្តោយ «កងរង្វង់ភ្លើង ឬ Ring of Fire » ប៉ាស៊ីហ្វិក និងជាជម្រករបស់ភ្នំភ្លើងដ៏សកម្មជាង ១២០ភ្នំភ្លើងផងដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ