ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ថ្លែងថា ស្មារតីដ៏សំខាន់បំផុតរបស់កាកបាទក្រហម គឺការជួយសង្គ្រោះមនុស្សដោយគ្មានការរើសអើង
កាកបាទក្រហមជួយមនុស្ស ព្រោះគាត់ជាមនុស្ស។ កាកបាទក្រហមមិនសួរថា អ្នករងគ្រោះមាននិន្នាការនយោបាយអ្វី។ កាកបាទក្រហមមិនសួរថា គាត់គាំទ្រអ្នកណា។ កាកបាទក្រហមមិនសួរថា គាត់មានសាសនា ជាតិសាសន៍ ឬជីវភាពបែបណា។
អ្វីដែលកាកបាទក្រហមមើលឃើញជាមុនគេ គឺទុក្ខលំបាករបស់មនុស្ស។ អ្វីដែលកាកបាទក្រហមធ្វើជាមុនគេ គឺជួយសម្រាលទុក្ខលំបាកនោះ។
នេះគឺជាគោលការណ៍មនុស្សធម៌ដ៏ថ្លៃថ្នូរ។ នេះគឺជាស្មារតីដែលធ្វើឱ្យកាកបាទក្រហមក្លាយជាស្ពាននៃសេចក្តីសង្ឃឹម។
ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួប ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ “ ដែលនបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្តក្រចេះ ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា
នៅពេលមានគ្រោះមហន្តរាយ មនុស្សរងគ្រោះមិនត្រូវការការបែងចែកទេ។ ពួកគេត្រូវការការជួយសង្គ្រោះ។ នៅពេលគ្រួសារមួយបាត់បង់ផ្ទះដោយភ្លើងឆេះ ឬខ្យល់កន្ត្រាក់ ពួកគេមិនត្រូវការការសួរថា គេជានរណា ឬមាននិន្នាការអ្វីទេ។ ពួកគេត្រូវការដៃមេត្តាដែលលាតមកជួយ។ នៅពេលជនចាស់ជរា ជនពិការ កុមារកំព្រា ឬអ្នកជំងឺកំពុងខ្វះខាត ពួកគេត្រូវការសង្គមមួយដែលមិនបំភ្លេចពួកគេ។
ដូច្នេះ កាកបាទក្រហមកម្ពុជា ត្រូវតែបន្តរក្សា និងពង្រឹងគោលការណ៍ដ៏ថ្លៃថ្នូរនេះ។ ជំនួយមនុស្សធម៌ត្រូវទៅដល់អ្នកត្រូវការពិតប្រាកដ។ ការជួយសង្គ្រោះត្រូវធ្វើដោយស្មារតីស្មើភាព ហើយការចែករំលែកត្រូវធ្វើដោយក្តីមេត្តា និងគ្មានការប្រកាន់និន្នាការណាមួយឡើយ។
ក្នុងនាមជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជា ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងច្បាស់ថា ការងារមនុស្សធម៌នៅខេត្តក្រចេះ ត្រូវតែបន្តអនុវត្តលើគោលការណ៍ ជួយអ្នកត្រូវការជំនួយដោយគ្មានការរើសអើង។ យើងត្រូវជួយគ្រប់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដោយផ្អែកលើតម្រូវការជាក់ស្តែង មិនផ្អែកលើនិន្នាការ ឬភាពខុសគ្នាណាមួយឡើយ។
នេះគឺជាគោលការណ៍ដែលធ្វើឱ្យមនុស្សធម៌មានតម្លៃ។ នេះគឺជាគោលការណ៍ដែលធ្វើឱ្យសង្គមមានសេចក្តីថ្លៃថ្នូរ។ នេះគឺជាគោលការណ៍ដែលធ្វើឱ្យប្រជាពលរដ្ឋមានជំនឿថា នៅពេលគាត់មានទុក្ខ សង្គមនឹងមិនបោះបង់គាត់ចោលឡើយ៕



