ឯកឧត្តម ឈួរ សុបញ្ញា : ពុទ្ធិកសិក្សា មានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អ មានការទទួលខុសត្រូវ និងមានស្មារតីសាមគ្គីភាពជាតិ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាសមាជិកគណៈគម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋបានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ២០២៦–២០២៧ នៅសាលាពុទ្ធិកបថមសិក្សាវត្តមហាខេត្តវ័ន (ស្រែព្រៃ)ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃគណៈមហានិកាយ។ ពិធីនេះក៏មានការនិមន្តនិងចូលរួមពីព្រះមន្រ្តីសង្ឃ ព្រះថេរានុថេរៈ ថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យពុទ្ធិកសិក្សា ដែលជាគ្រឹះសម្រាប់ការកសាងធនធានមនុស្ស និងការពង្រឹងអត្តសញ្ញាណជាតិ។

ក្នុងឱកាសនោះឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាសមាជិកគណៈគម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋបានថ្លែងថា ពិធីបើកបវេសនកាលថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ក្នុងការលើកកម្ពស់វិស័យពុទ្ធិកសិក្សា ដែលជាគ្រឹះសម្រាប់ការកសាងធនធានមនុស្សប្រកបដោយបញ្ញា សីលធម៌ និងស្មារតីសាមគ្គីភាពជាតិ។ ពុទ្ធិកបឋមសិក្សា គឺជាគ្រឹះដំបូងដ៏សំខាន់បំផុត ក្នុងការបណ្តុះបណ្តាលកុមារឱ្យមានទាំងចំណេះដឹង និងគុណធម៌។ ការអប់រំតាំងពីវ័យក្មេង ដោយផ្អែកលើព្រះធម៌ និងវិន័យ នឹងជួយបង្កើតមូលដ្ឋានរឹងមាំសម្រាប់ជីវិត និងអនាគតរបស់កុមារ។ក្នុងបរិបទសង្គមសព្វថ្ងៃ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ច ត្រូវការជាមួយនឹងការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌ ដើម្បីធានាថា សង្គមមានតុល្យភាព និងសុខដុមរមនា។ ដូច្នេះ ពុទ្ធិកសិក្សា មានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាពលរដ្ឋល្អ មានការទទួលខុសត្រូវ និងមានស្មារតីសាមគ្គីភាពជាតិ។ ឯកឧត្តមក៏បានបន្តលើកឡើងទៀតថា ការថែរក្សា និងលើកកម្ពស់អក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ខ្មែរ គឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាថា អត្តសញ្ញាណជាតិខ្មែរ នឹងបន្តរឹងមាំ និងគង់វង្សជានិច្ច។ សូមអំពាវនាវឱ្យមាតាបិតា អាណាព្យាបាល និងសហគមន៍ បន្តគាំទ្រការសិក្សារបស់កុមារ និងចូលរួមជាមួយសាលា ក្នុងការអប់រំកូនចៅឱ្យក្លាយជាមនុស្សល្អ មានចំណេះដឹង និងមានគុណធម៌។ ព្រមជាមួយនោះខ្ញុំក៏បានលើកទឹកព្រះទ័យដល់សមណៈសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ គោរពគ្រូអាចារ្យ ប្រកាន់ខ្ជាប់វិន័យ និងអនុវត្តគុណធម៌ក្នុងជីវិតប្រចាំថ្ងៃ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គម និងប្រទេសជាតិ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះសម្តេចព្រះធម្មលិខិត បានមានព្រះថេរដីកាថា ពុទ្ធិកសិក្សា គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានទាំងបញ្ញា និងសីលធម៌។ ព្រះអង្គបានបញ្ជាក់ថា ការសិក្សា មិនមែនមានគោលបំណងតែសម្រាប់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការកសាងចិត្ត ការបណ្តុះវិន័យ និងការអភិវឌ្ឍអត្តចរិតរបស់មនុស្ស។ព្រះអង្គក៏បានបន្តលើកឡើងថា សីលធម៌ គឺជាគោលដៅសំខាន់សម្រាប់ការរស់នៅដោយសុខសាន្ត និងការរួមរស់ដោយសាមគ្គីភាពក្នុងសង្គមដូវពុទ្ធវចនៈព្រះអង្គសម្តែងថា“សីលំ សុគតិស្ស មូលំ” (សីលជាមូលដ្ឋាននៃសុគតិ) “បញ្ញា នរនំ រតនំ” (បញ្ញាជារតនៈដ៏ប្រសើររបស់មនុស្ស)“ធម្មោ ហវេ រក្ខតិ ធម្មចារី” (ធម៌តែងតែការពារអ្នកប្រព្រឹត្តតាមធម៌)។ព្រះអង្គបានជំរុញឱ្យសមណៈសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ មានការគោរពគ្រូអាចារ្យ មានវិន័យ និងប្រកាន់ខ្ជាប់គុណធម៌ ដើម្បីក្លាយជាមនុស្សល្អ មានតម្លៃសម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ។ ព្រះអង្គក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការគ្នា ក្នុងការលើកកម្ពស់វិស័យពុទ្ធិកសិក្សា ដើម្បីថែរក្សា និងបន្តអភិវឌ្ឍតម្លៃសាសនា វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ លើសពីនេះ ព្រះអង្គបានបញ្ជាក់ថា កុមារ និងយុវជន គឺជាអនាគតរបស់ជាតិ ដូច្នេះការវិនិយោគលើការអប់រំ និងសីលធម៌ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យរឹងមាំ និងរីកចម្រើនជានិច្ច។

ជាទីបញ្ចប់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល បានផ្តល់នូវឱវាទកថាផ្តាំផ្ញើដល់អង្គពិធីថា :

១. សមណសិស្សទាំងអស់ ខិតខំរៀនសូត្រថោយត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ប្រកាន់ខ្ជាប់វិន័យ និងគោរពគ្រូអាចារ្យ ដើម្បីកសាងចំណេះដឹង និងបញ្ញា ដែលជាមូលដ្ឋានសម្រាប់អនាគតជីវិត។

២. យើងរាល់រូបត្រូវប្រកាន់ខ្ជាប់សីលធម៌ និងគុណធម៌ក្នុងជីវិតប្រចាំថ្ងៃ ព្រោះសីលធម៌ គឺជាគ្រឹះនៃមនុស្សល្អ ដូចពុទ្ធវចនៈថា “សីលំ សុគតិស្ស មូលំ” ដូច្នេះត្រូវអនុវត្តធម៌ ដើម្បីរស់នៅដោយសុខសាន្ត និងជៀសវាងអំពើអាក្រក់។

៣. យើងត្រូវបន្តថែរក្សា និងលើកតម្កើងវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដោយត្រូវស្រឡាញ់ និងការពារអក្សរសាស្ត្រ អក្សរសិល្ប៍ និងប្រពៃណីជាតិ ដើម្បីឱ្យតម្លៃជាតិខ្មែរ បន្តគង់វង្សជានិច្ច។

៤.​​ យើងត្រូវរួមចំណែកក្នុងការរក្សាសន្តិភាព សាមគ្គីភាព និងសុវត្ថិភាពសង្គមដោយត្រូវមានស្មារតីសាមគ្គីភាព គោរពគ្នាទៅវិញទៅមក និងចូលរួមជាមួយមូលដ្ឋាន ក្នុងការរក្សាសុខសុវត្ថិភាពសង្គម ដើម្បីសាងសង់ប្រទេសឱ្យរីកចម្រើន។

៥. សមណៈសិស្សទាំងអស់ត្រូវអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពដោយត្រូវបន្តបណ្តុះបញ្ញា ជំនាញ និងសមត្ថភាព ដើម្បីអាចរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

៦. ពុទ្ធបរិស័ទត្រូវអនុវត្តធម៌ជាគន្លងជីវិតដូចពុទ្ធវចនៈថា “ធម្មោ ហវេ រក្ខតិ ធម្មចារី” អ្នកដែលប្រព្រឹត្តតាមធម៌ នឹងត្រូវធម៌ការពារ ដូច្នេះត្រូវយកធម៌ជាគោលដៅក្នុងការរស់នៅ។

៧. ប្រជាពុទ្ធបរិស័ទ ពិសេដយុវជនយើងត្រូវចេះគោរពនិងមសនក្តីកតញ្ញូ និងស្រឡាញ់គ្រួសារ សង្គមជាតិ បុព្វបុរសគ្រប់ជំនាន់ទាំងពុទ្ធចក្រ និងអាណាចក្រ ពិសេសត្រូវដឹងគុណចំពោះមាតាបិតា គ្រូអាចារ្យ និងថ្នាក់ដឹកនាំហើយបន្តធ្វើអំពើល្អ ដើម្បីជួយលើកកម្ពស់សង្គម និងប្រទេសជាតិ។
ក្នុងឱកាសនោះសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្លបានឧត្ថម្ភថវិកា ៥លានរៀល អង្ករ ២តោន សម្ភារការិយាល័យមួយចំនួន និងពុទ្ធិកសមាគមកម្ពុជរដ្ឋបានចូលរួមឧត្ថម្ភ ៥០០ ០០០រៀលផងដែរ។