រដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាជំរុញការអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
(ខេត្តព្រះសីហនុ)៖ ព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយតំណាងនិយោជក កម្មករ និងនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។
ក្លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្លឹមសារនៃសារលិខិតបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីបម្រើឧត្តមប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅបង្កើតសហគមន៍សុខសាន្ត និងវិបុល ភាពក្រោមម្លប់នៃសន្តិភាព។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ការជ្រើសរើសប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ” គឺជាសក្ខីភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីធានាបាននូវកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងនូវចំណុចអាទិភាព និងអនុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន៖
១. ការបន្តចរចាប្រាក់ឈ្នួលអប្បបរមា។
២. ការពង្រីកវិសាលភាពរបបសន្តិសុខសង្គម (ប.ស.ស) លើផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធននិវត្តន៍។
៣. ការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន។
៤. ការធ្វើតេស្តវាយតម្លៃជំនាញ (RPL) ជូនដល់បងប្អូនអតីតពលករមកពីក្រៅប្រទេស។
៥. ការកែលម្អបរិយាកាសការងារ អាហារដ្ឋាន និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស សូមពិចារណាមកស្វែងរកឱកាសការងារនៅក្នុងខេត្តព្រះសីហនុវិញ។ ឯកឧត្តមសង្កត់ធ្ងន់ថា បច្ចុប្បន្នខេត្តព្រះសីហនុកំពុងមានតម្រូវការកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដើម្បីបម្រើឱ្យខ្សែចង្វាក់ផលិតកម្ម ដែលការត្រឡប់មកវិញនេះមិនត្រឹមតែជួយដល់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិមាតុភូមិផងដែរ។
សូមរំលឹកផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បច្ចុប្បន្នមានរោងចក្រ សហគ្រាសវិនិយោគសរុបចំនួន ២១៧ កន្លែង និងបានផ្តល់ការងារជូនកម្មករ និយោជិតសរុបប្រមាណ ៣៥,០០០នាក់ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញដង្ហើមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ៕

សម្រួលអត្ថបទ៖ម៉ារ៉ាឌី


