ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោដដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក., ឯកឧត្តម ង៉ុយ អេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន។

បន្ទាប់ពីពិធីសម្ពោធ ឯកឧត្តម គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីពិនិត្យលើសកម្មភាព និងវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក។

ឯកឧត្តម ថង សាវុន ប្រធាន អ.ន.ក.ខេត្ត បានឲ្យដឹងថា អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខាឃុំ-សង្កាត់ បានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនទៅតាមជំនាញរបស់ខ្លួន ជាពិសេសបានខិតខំដោះស្រាយលើបញ្ហាប្រឈមរបស់សមាជិកដែលមានជីវភាពខ្វះខាត។

ឯកឧត្តម ថង សាវុន បានប្តេជ្ញាចិត្តអនុវត្តឲ្យបានយ៉ាងល្អប្រសើរចំពោះការយកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តជនណាដែលជួបការលំបាកឲ្យទទួលបានអត្ថប្រយោជន៍ដែលឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា កាលពីកន្លងទៅមានការរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំសមាគមខេត្ត គឺជាផ្នែកមួយនៃកិច្ចការងាររបស់សមាគម ដើម្បីធានាថា រចនាសម្ព័ន្ធការងារនៅតាមបណ្ដាខេត្តនានា មានភាពរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួល និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តនីមួយៗ ឲ្យទទួលបាននូវគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។

ឯកឧត្តម គន់ គីម មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ត្រូវចុះជាប់ជាប្រចាំតាមមូលដ្ឋានរបស់ខ្លួន ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅ ក្នុងការជួយដោះស្រាយ និងរួមចំណែកជួយលើកស្ទួយជីវភាពឲ្យបានសមរម្យ។

គិតមកទល់ពេលនេះ ខេត្តមណ្ឌលគិរីមានសមាជិកសរុបចំនួន ៤៩៣នាក់ និងមានសមាជិកដែលទទួលបានការសាងសង់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន០៧ខ្នង៕