ទីបំផុតនាវា Malta ដឹកប្រេងឆៅ១លានបារ៉ែលបានមកដល់ប្រទេសកូរ៉េខាងត្បូងហើយនៅថ្ងៃសុក្រនេះ! បន្ទាប់ពីបានឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីពាក់កណ្តាលខែមេសា
នាវាដឹកប្រេងដែលមានទង់ជាតិម៉ាល់តាមួយគ្រឿងដែលដឹកប្រេងឆៅចំនួន ១លានបារ៉ែលបានមកដល់ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូងហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Hormuz នៅពាក់កណ្តាលខែមេសាមក នេះបើយោងតាមរោងចក្រចម្រាញ់ប្រេងកូរ៉េខាងត្បូង។ ដូចប្រទេសអាស៊ីជាច្រើនទៀតដែរ កូរ៉េខាងត្បូងគឺជាអ្នកនាំចូលប្រេងឆៅភាគច្រើនរបស់ខ្លួនពីតំបន់មជ្ឈិមបូព៌ា។ ការដឹកជញ្ជូនចុងក្រោយចំនួន១លានបារ៉ែលត្រូវបានគេរាយការណ៍ថាស្មើនឹងចំនួនពី ៣៥-៥០% នៃការប្រើប្រាស់ប្រេងឆៅប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង។ ជាមួយនឹងការក្តោបក្តាប់របស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ និងបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង សង្គ្រាមអ៊ីរ៉ង់ដែលអូសបន្លាយក៏បានបង្កើននូវក្តីព្រួយបារម្ភអំពីវិបត្តិថាមពលដែលកំពុងកើតមាននៅក្នុងសេដ្ឋកិច្ចពឹងផ្អែកលើវិស័យពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងដែរ។ ប្រទេសនេះបានណែនាំឲ្យមានការកំណត់តម្លៃប្រេងសាំង និងផលិតផលប្រេងឥន្ធនៈផ្សេងទៀតជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ដើម្បីការពារការចំណាយពីកំណើនឡើង ហើយបានណែនាំក្រុមហ៊ុនចម្រាញ់ប្រេងឱ្យបង្វែរការនាំចេញប្រភេទប្រេង naphtha សម្រាប់ទុកប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះ ខណៈដែលពួកគេកំពុងព្យាយាមធានាការផ្គត់ផ្គង់ប្រេងជំនួស និងប្តូរផ្លូវដឹកជញ្ជូនវិញ។ នៅព្រឹកថ្ងៃសុក្រនេះដែរ កប៉ាល់ដឹកប្រេង Odessa បានទៅដល់ដែនទឹកនៃទីក្រុងកំពង់ផែ Seosan ភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយពីបានឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្មានសប្តាហ៍ អំឡុងពេលនៃការចរចាបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នេះបើយោងតាមក្រុមហ៊ុន HD Hyundai Oilbank។ កប៉ាល់ដឹកប្រេងនេះត្រូវបានគេគ្រោងនឹងចូលចតនៅទីតាំងចតនៅឯនាយសមុទ្ររបស់ក្រុមហ៊ុននៅថ្ងៃសុក្រនេះ ដែលវាបានផ្ទុកប្រេងឆៅរបស់ខ្លួន។ ក្រុមហ៊ុន HD Hyundai Oilbank បាននិយាយថា ខ្លួនមានគម្រោងចម្រាញ់ប្រេងឆៅទៅជាផលិតផលប្រេងដូចជា សាំង ម៉ាស៊ូត និងប្រភេទ naphtha ជាដើម។ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនមានកន្លែងចម្រាញ់ប្រេងឆៅរហូតដល់ ៦៩ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងបាននាំចូលប្រេងឆៅជាង៦០% និងប្រភេទ naphtha 50% ដែលជាវត្ថុធាតុដើមនៃគីមីឥន្ធនៈដ៏សំខាន់ ដើម្បីប្រើប្រាស់បានក្នុងការផលិតផ្លាស្ទិចតាមរយៈច្រកសមុទ្រ Hormuz នោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ


