រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថា ៖ ក្រៅពីបញ្ហាសង្រ្គាមនៅមជ្ឈឹមបូព៌ាជាកត្តាចំបង អាស៊ាន នឹងជជែកគ្នាបន្ថែមលើសង្គ្រាមស៊ីវិល ៥ឆ្នាំនៅមីយ៉ាន់ម៉ា និងជម្លោះព្រំដែនកម្ពុជា និងថៃ

រដ្ឋមន្ត្រីការបរទេសអាស៊ានបានមកជួបប្រជុំជុំគ្នាសម្រាប់ដំណើរការកិច្ចប្រជុំកំពូលមួយនៅប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ។ ម្ចាស់ផ្ទះកិច្ចប្រជុំឆ្នាំ២០២៦នេះ គឺលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក៏បានបញ្ជាក់ពីដំណើរការនៃកិច្ចប្រជុំនេះ ត្រូវតែដកចេញនូវភាពអួតអាងមួយចំនួន និងកាត់បន្ថយពិធីជប់លៀងបែបប្រពៃណី ដើម្បីឲ្យស្របទៅនឹងឧបសគ្គនៃសេដ្ឋកិច្ចសកលលោក។ យោងតាមសេចក្តីប្រកាសព្រាងបានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំអាស៊ីអាគ្នេយ៍នឹងគូសបញ្ជាក់ពីផែនការមួយរួមគ្នា ដើម្បីទប់ទល់នឹងវិបត្តិមានដូចជាកង្វះខាតថាមពល ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ាជាកត្តាចំបង។ កិច្ចប្រជុំដែលមេដឹកនាំអាស៊ាននឹងជជែកគ្នាបន្ថែមស្តីអំពីគម្រោងចេញនូវផែនការបន្ទាន់មួយ ដែលគាំទ្រច្បាប់អន្តរជាតិ អធិបតេយ្យភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ដែលអាចត្រូវបានគេចាត់ទុកថា ជាការស្តីបន្ទោសដោយលាក់កំបាំងចំពោះសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់សម្រាប់ការបង្កើតសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានប៉ះពាល់ដល់តំបន់របស់ពួកគេ នេះបើយោងតាមសេចក្តីប្រកាសព្រាងនោះ។ សេចក្តីប្រកាសនេះត្រូវបានកំណត់ចេញដោយមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅពេលដែលពួកគេបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅថ្ងៃសុក្រទី៨ខែឧសភានេះដែរ ស្ថិតនៅក្នុងខេត្តកោះសេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីន។ ផែនការនេះក៏បានគូសបញ្ជាក់ពីផែនការលើវិបត្តិមួយ ដើម្បីដោះស្រាយកង្វះខាតថាមពល និងបញ្ហាសកលផ្សេងទៀត ដែលបណ្តាលមកពីសង្គ្រាមសកលដែរ។ លោកស្រី Theresa Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន អំឡុងពេលធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ ថា “វិបត្តិដែលកំពុងបន្តនៅមជ្ឈិមបូព៌ា និងផលវិបាកដ៏ធំធេងរបស់វា រួមទាំងការរំខានដល់លំហូរថាមពល ផ្លូវពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ និងសុខុមាលភាពរបស់ប្រជាជនរបស់យើង បានរំលឹកយើងថា ការអភិវឌ្ឍហួសពីតំបន់របស់យើង អាចមានផលប៉ះពាល់ភ្លាមៗ និងកាន់តែជ្រាលជ្រៅលើអាស៊ានដែរ”។ តំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលមានភាពប្រែប្រួល ប៉ុន្តែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខាងសេដ្ឋកិច្ច ដែលមានប្រជាជនប្រហែលសរុបរួមគ្នា ៦៨០លាននាក់ មានចំណែកនៃចំណុចក្តៅធំៗ រួមទាំងជម្លោះទឹកដីរាប់ទសវត្សរ៍ ដែលពាក់ព័ន្ធនឹងប្រទេសចិន សង្គ្រាមស៊ីវិលរយៈពេលប្រាំឆ្នាំនៅមីយ៉ាន់ម៉ា និងជម្លោះព្រំដែនថ្មីៗនេះរវាងប្រទេសថៃ និងកម្ពុជាដែរ។ ប៉ុន្តែមេដឹកនាំរបស់ខ្លួនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមដែលបានបណ្តាលឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងជាកត្តាធ្វើឱ្យពលរដ្ឋជាច្រើនក្នុងប្រទេសរបស់ពួកយើងងាយរងគ្រោះថ្នាក់បំផុត។ ក្រៅពីហ្វីលីពីនជាម្ចាស់ផ្ទះឆ្នាំ២០២៦នេះ រដ្ឋសមាជិកអាស៊ានរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាមនិង ទីម័រខាងកើត ដែលត្រូវបានទទួលយកជាសមាជិកពេញសិទ្ធិកាលពីខែតុលា ឆ្នាំ២០២៥៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ