រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន» ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈភិបាលខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ លោកអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ម្ចាស់ក្រុមហ៊ុន អាជីវករ ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦០៥នាក់ (ស្រី ១៤៨នាក់)។
លោកអនុប្រធានសាលាដំបូងខេត្តព្រះសីហនុ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ដោយដកស្រង់ចំណុចសំខាន់ៗនៃ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ជាពិសេស អនុក្រឹត្យលេខ ០៣ អនក្រ.បក ដើម្បីបញ្ជ្រាបការយល់ដឹងដល់អង្គពិធីទាំងមូល។ បន្ថែមពីនេះ ក្រុមមន្ត្រីជំនាញផ្នែកច្បាប់ ក៏បានផ្តល់ការបកស្រាយភ្លាមៗនូវរាល់ចម្ងល់ និងសំណួរនានារបស់តំណាងវិស័យឯកជន និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រធានបទខាងលើផងដែរ។
ជាមួយគ្នានេះ លោកអនុប្រធានសាលាដំបូង ក៏បានអំពាវនាវដល់សាធារណជនត្រូវប្រុងប្រយ័ត្នខ្ពស់ មិនត្រូវផ្តល់អត្តសញ្ញាណផ្ទាល់ខ្លួនទៅកាន់បុគ្គលមិនស្គាល់អត្តសញ្ញាណ។ប្រសិនបើមានករណីសង្ស័យ ត្រូវសហការផ្ដល់ព័ត៌មាន និងរាយការណ៍មកកាន់កម្លាំងសមត្ថកិច្ចជាបន្ទាន់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា ការផ្សព្វផ្សាយនាពេលនេះ គឺជាយន្តការដ៏សំខាន់ក្នុងការកំណត់វិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Online Scams )។ សកម្មភាពនេះក៏មានគោលដៅផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់នូវចំណុចសំខាន់ៗរួមមាន៖
ត្រូវអនុវត្តឱ្យបានសកម្ម និងប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ក្នុងការការពារសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ។
ជំរុញការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យជាប់ជាប្រចាំ។
ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរមនុស្សគ្រឿងញៀន អាវុធ និងការបង្ខាំងមនុស្សជម្រិតទារប្រាក់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ជាកិច្ចបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានយកចិត្តទុកនិងធ្វើការងារ នេះយ៉ាងសស្រាក់សស្រាំ ហើយក៏ទទួលបានប្រសិទ្ធភាព និងបានសំណូមពរឱ្យរួមគ្នាបោសសម្អាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីកិត្តិយស និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងខេត្តព្រះសីហនុ និងក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

អត្ថបទ៖ មន សូត្រ


