ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី ដែលបច្ចុប្បន្នសម្រេចបាន ៧០%

​ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ក្នុងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី ដើម្បីជំរុញគុណភាព និងសោភ័ណ្ឌភាព ភាពសំណង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស ជាសមិទ្ធផលរូបវន្តដ៏ស្កឹមស្កៃ។
​យោងតាមរបាយការណ៍ក្រុមអ្នកបច្ចេកទេសសាងសង់បានឱ្យដឹងថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះ មានកម្ពស់ ៦ ជាន់
​ បណ្តោយ ១០២ ម៉ែត្រ និងទទឹង ១០១ ម៉ែត្រ
​ គិតមកទល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៧០% ហើយ។
​សូមរំលឹកផងដែរថា គម្រោងអគាររដ្ឋបាលសាលាខេត្តនេះ បានចាប់ផ្ដើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ហើយតាមផែនការគ្រោងទុក នឹងត្រូវបញ្ចប់ការងារស្ថាបនារួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

​ក្នុងឱកាសចុះពិនិត្យផ្ទាល់ដល់ការដ្ឋាន ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារបច្ចេកទេស និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម។ ទន្ទឹមនឹងនោះ ឯកឧត្តមបានផ្ដល់នូវអនុសាសន៍ណែនាំសំខាន់ៗ រួមមាន:
ត្រូវ​ពង្រឹងគុណភាពបច្ចេកទេសតាមស្តង់ដា និងយកចិត្តទុកដាក់ខ្ពស់បំផុតលើបទដ្ឋានបច្ចេកទេសសំណង់ ដើម្បីធានាបាននូវភាពរឹងមាំ និងសុវត្ថិភាពយូរអង្វែង។
​រាល់ការតុបតែង និងរចនាត្រូវសម្រិតសម្រាំងឱ្យត្រូវតាមគំរូនៃប្លង់គោល ដើម្បីបង្ហាញពីអត្តសញ្ញាណ និងសោភ័ណភាពនៃរដ្ឋបាលខេត្ត។
ត្រូវបន្តខិតខំជម្រុញសកម្មភាពសាងសង់ឱ្យកាន់តែសកម្ម ដើម្បីធានាឱ្យបាននូវការបញ្ចប់គម្រោងតាមកាលកំណត់ដែលបានគ្រោងទុក។

​អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះ មិនត្រឹមតែជាកន្លែងបម្រើការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាមជ្ឈមណ្ឌលផ្ដល់សេវាសាធារណៈដ៏ទំនើប និងប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍនឥតឈប់ឈរនៃខេត្តជាប់មាត់សមុទ្រមួយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទ: លោកស្រី មន សូត្រ