ក្រសួងកិច្ចការនារី គឺជាស្ថាប័នទី៤ ដែលឆ្លងកាត់ការជំរឿនមន្ត្រី ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ
យុទ្ធនាការជំរឿនមន្ត្រីរាជការដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរដ្ឋបាល បានឈានមកដល់ក្រសួងកិច្ចការនារីហើយ ដែលជាក្រសួងទី៤ ក្នុងដំណើរការត្រួតពិនិត្យវត្តមានមន្ត្រី និងការរៀបចំជួរមន្ត្រីរាជការឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងតម្លាភាព។
យុទ្ធនាការនេះត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានការចូលរួមសហការពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដែលដំណើរការជំរឿននេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកិច្ចការនារី។
ការចុះពិនិត្យនេះធ្វើឡើងដោយផ្ទាល់នៅតាមអង្គភាពចំណុះទីស្តីការក្រសួង ដើម្បីផ្ទៀងផ្ទាត់វត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែង ស្របតាមរចនាសម្ព័ន្ធដែលបានកំណត់។
យុទ្ធនាការជំរឿនមន្ត្រីរាជការគឺធានាឱ្យបាននូវការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីឱ្យបានច្បាស់លាស់ ដោយមិនឱ្យរំខានដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារប្រចាំថ្ងៃរបស់អង្គភាពឡើយ។
គួរបញ្ជាក់ថា ក្រសួងកិច្ចការនារី គឺជាស្ថាប័នទី៤បន្ទាប់ពីក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានអនុវត្តវិធានការជំរឿននេះ ក្នុងគោលដៅជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ៕



