ឯកឧត្តម នរៈ រតនវឌ្ឍនោ និងឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ៥ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ ព្រះអគ្គាធិការរង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី គារ សុភូ អភិបាលរង តំណាង ជាម ចន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបាននិមន្តជាព្រះអធិបតី និងអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តកំពង់ស្ពឺ

ក្នុងពិធីនេះផងដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ស៊ីម សារ៉ាន ព្រះសាក្យវង្ស បណ្ឌិត សមាជិកលេខាធិការដ្ឋាន ស.ន.ក.ជ និងជាព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជន សរុបប្រមាណ ៦០០រូប នៅវត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងព្រះឱវាទកថារបស់សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន បានមានព្រះថេរដីកាថា ពុទ្ធិកសិក្សា គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចំណេះដឹង គុណធម៌ និងសីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ព្រះអង្គបានគូសបញ្ជាក់ថា ការអប់រំផ្លូវពុទ្ធិកសិក្សា មិនត្រឹមតែផ្តល់នូវចំណេះវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកសាងមនុស្សឱ្យមានមនសិការ ស្មារតីទទួលខុសត្រូវ និងស្មារតីសាមគ្គីភាពជាតិ។ ព្រះអង្គក៏បានអំពាវនាវដល់សមណសិស្ស និងសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់នូវគុណធម៌ និងចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពសង្គម ស្របតាមពុទ្ធវចនៈ៖ “បញ្ញា នរនំ រតនំ” មានន័យថា បញ្ញាជាគ្រឿងប្រដាប់ដ៏ប្រសើររបស់មនុស្ស។
ថ្លែងក្នុងឱកាសនោះ លោកស្រី គារ សុភូ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា វិស័យពុទ្ធិកសិក្សា គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសីលធម៌សង្គម។ លោកស្រីបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងបន្តសហការជាមួយវិស័យសាសនា និងគ្រឹះស្ថានពុទ្ធិកសិក្សា ក្នុងការលើកកម្ពស់គុណភាពអប់រំ ការបណ្ដុះបណ្ដាលយុវជន និងការរួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសាមគ្គីភាពក្នុងសហគមន៍។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ការបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ គឺជាការបន្តបេសកកម្មដ៏សំខាន់ ក្នុងការពង្រឹងវិស័យអប់រំព្រះពុទ្ធសាសនា ដែលជាឫសគល់នៃវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពុទ្ធិកសិក្សា មិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលបណ្ដុះសីលធម៌ គុណធម៌ និងមនសិការជាតិ សម្រាប់សមណសិស្ស និងយុវជនជំនាន់ក្រោយ។ ឯកឧត្តមបានបន្តថា ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពុទ្ធិកសិក្សា បាននិងកំពុងទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឱ្យស្របតាមការវិវត្តនៃសង្គមសម័យទំនើប។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមណសិស្ស និងសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់សីលធម៌ វិន័យ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីក្លាយជាធនធានមនុស្សដ៏មានគុណភាពសម្រាប់សង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យគណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និងមាតាបិតា បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអប់រំ និងតម្រង់ទិសយុវជនឱ្យក្លាយជាពលរដ្ឋល្អ មានចំណេះដឹង សមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិ សាសនា និងសង្គម។ ឯកឧត្តមបានបញ្ជាក់ថា ការកសាងមនុស្សប្រកបដោយបញ្ញា និងគុណធម៌ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។