ប្រមុខដឹកនាំវៀតណាមស្វែងរកការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចបន្ថែមនៅឥណ្ឌា បន្ទាប់ពីប្រទេសរុស្ស៊ី អំឡុងពេលដែលសេដ្ឋកិច្ចសកលកំពុងរង្គោះរង្កើ

ប្រធានាធិបតីវៀតណាម លោក To Lam ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅទីក្រុងញូវដេលីនៅថ្ងៃពុធនេះ ខណៈដែលសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋសង្គមនិយមវៀតណាមកំពុងស្វែងរកនូវការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ចំពេលដែលមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើង សម្រាប់ឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងលោកស្រីប្រធានាធិបតីឥណ្ឌា Droupadi Murmu (ដ្រូប៉ាឌី មួរមូ)បានស្វាគមន៍លោក To Lam យ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថាលោក To Lam ត្រូវបានអមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងតំណាងធុរកិច្ចមួយចំនួន បានមកកាន់ប្រទេសឥណ្ឌាដើម្បីស្វែងយល់និងវិនិយោគ។ លោក To Lam នឹងពិភាក្សាយ៉ាងទូលំទូលាយជាមួយលោកនាយករដ្ឋមន្រ្តី Modi។ ទំនាក់ទំនងឥណ្ឌា និងវៀតណាមត្រូវបានបង្កើតឡើងនៅលើចំណងវប្បធម៌យូរអង្វែងមកហើយ។ ដំណើរទស្សនកិច្ចនេះក៏ជាការកត់សម្គាល់ថ្មីរយៈពេល ១០ឆ្នាំផងដែរ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើនចំណងមិត្តភាពទៅជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោយពីដំណើរទស្សនកិច្ចរបស់លោក Modi មកកាន់ប្រទេសវៀតណាមដែរកាលពីឆ្នាំ ២០១៦៕

សម្រួលអត្ថបទ៖ សុផារិន្ទ