មានអគ្គីភ័យឆាបឆេះអគារមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុងតេអេរ៉ង់សម្លាប់មនុស្ស៨នាក់ និងរបួស៤០នាក់! ជាទីតាំងនៃបទឈប់បាញ់រវាងអាម៉េរិកនិងអ៊ីរ៉ង់រយៈពេល៣សប្តាហ៍មកហើយ

មានករណីអគ្គីភ័យឆាបឆេះនៅមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែងក្បែររដ្ឋធានីអ៊ីរ៉ង់សម្លាប់មនុស្ស៨នាក់ និងរបួស ៣៦ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នាព្រឹកថ្ងៃពុធនេះ។ អគ្គីភ័យបានចាប់ផ្តើមកើតឡើងកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប Arghavan (អាហ្កាវ៉ាន់) ក្នុងទីក្រុង Andisheh (អាន់ឌីហ្សេ) ក្នុងទីក្រុង Tehran (តេអេរ៉ង់)។ មិនទាន់មានព័ត៌មានច្បាស់ការណាមួយ ស្តីអំពីមូលហេតុអ្វីដែលបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះដ៏អាក្រក់នេះកើតឡើងនោះទេ ប៉ុន្តែទូរទស្សន៍រដ្ឋឥស្លាម IRIB បាននិយាយថាអាជ្ញាធរកំពុងស៊ើបអង្កេតហេតុការណ៍នេះយ៉ាងយកចិត្តទុកដាក់ផងដែរ។ តាមរយៈរូបភាពវីដេអូ គឺបង្ហាញពីក្រុមអ្នកពន្លត់អគ្គីភ័យបានកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងអណ្តាតភ្លើង ខណៈដែលផ្សែងខ្មៅខ្មួលខ្មាញ់បានហុយទ្រលោមចេញពីអគារពហុជាន់ ទៅលើផ្ទៃអាកាសគួរឲ្យព្រឹព្រួច។ មកដល់ពេលនេះ នៅតែមិនមានការចង្អុលបង្ហាញថាអគ្គីភ័យនេះត្រូវបានផ្សារភ្ជាប់ទៅនឹងសង្គ្រាមរវាងភាគីជម្លោះណាមួយនោះទេ ប៉ុន្តែផ្សារទំនើបនេះក៏ស្ថិតក្នុងទីតាំងនៃបទឈប់បាញ់ដ៏រង្គោះរង្គើជាមួយសហរដ្ឋអាមេរិកបានបន្តយ៉ាងមានប្រសិទ្ធិភាពអស់រយៈពេលប្រហែលបីសប្តាហ៍មកហើយដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ