ហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ល្បីនៅខេត្ត Hunan ប្រទេសចិន! បណ្តាលឱ្យមនុស្សស្លាប់២១នាក់ របួស៦១នាក់! ខណៈបរិវេណកន្លែងកើតហេតុស្ថិតក្នុងហានិភ័យខ្ពស់

ករណីផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយកន្លែងក្នុងខេត្តភាគកណ្តាលប្រទេសចិនបានសម្លាប់មនុស្សចំនួន២១ នាក់ និងរបួស ៦១ នាក់ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅព្រឹកថ្ងៃអង្គារនេះ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសចិន Xinhua បាននិយាយថា ករណីផ្ទុះនេះបានកើតឡើងនៅរោងចក្រផលិតកាំជ្រួចមួយកន្លែងក្នុងទីក្រុង Changsha ខេត្ត Hunan ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Daily វិញបាននិយាយថា រោងចក្រនេះត្រូវបានដំណើរការដោយក្រុមហ៊ុន Huasheng Fireworks Manufacturing and Display Co. នៅក្នុងទីក្រុង Liuyang កម្រិតស្រុក ដែលគ្រប់គ្រងដោយ Changsha ដែលជារោងចក្រផលិតកាំជ្រួចដ៏ល្បីល្បាញមួយដែរ។ រូបភាពពីលើអាកាសរបស់ទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃអង្គារនេះបានបង្ហាញថា ផ្សែងពណ៌សក្បុស នៅតែបន្តបង្ហុយឡើងលើអាកាសក្នុងតំបន់មួយចំនួន ដោយសាររោងចក្រនោះបានដួលរលំ និងខូចខាត។ យោងតាមរបាយការណ៍របស់ Xinhua បានបញ្ជាក់ថា អ្នកជួយសង្គ្រោះជិត ៥០០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ហើយប្រជាជននៅក្នុងតំបន់គ្រោះថ្នាក់ត្រូវបានអាជ្ញាធរជម្លៀសចេញ ដោយលើកឡើងពីហានិភ័យខ្ពស់ពីសំណល់ម្សៅខ្មៅចេញពីឃ្លាំងចំនួនពីរចេញពីរោងចក្រ ដែលស្ថិតនៅជិតទីតាំងផ្ទុះនោះ។ អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃហេតុការណ៍ផ្ទុះនេះ ហើយប៉ូលីសបានឃាត់ខ្លួនអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុននោះដែរ។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងទៀតក្នុងអំឡុងពេលប្រតិបត្តិការ អ្នកជួយសង្គ្រោះបានអនុវត្តវិធានការដូចជាបាញ់ថ្នាំការពារ ធ្វើឱ្យដីសើមដើម្បីលុបបំបាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ ពួកគេក៏បានដាក់ពង្រាយមនុស្សយន្ត Robot ចំនួន៣គ្រឿងទៀតដែរ ដើម្បីជួយក្នុងប្រតិបត្តិការស្វែងរក និងសង្គ្រោះមនុស្ស៕

សម្រួលអត្ថបទ៖ សុផារិន្ទ