រោងចក្រផលិតទឹកស្អាតថ្មីខេត្តកំពត ក្នុងមួយថ្ងៃអាចផលិតទឹកស្អាតបាន១២.៦០០ ម៉ែត្រគូប នឹងបញ្ចប់ការសាងសង់២ឆ្នាំទៀត
ខេត្តកំពត ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធទឹកស្អាតសំខាន់ៗនៅក្នុងខេត្តកំពត ដែលរួមមានស្ថានីយមូបទឹកឆៅនៅក្នុងស្រុកទឹកឈូ និងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីដែលមានសមត្ថភាពផលិត ១២.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
បើតាមប្រភពពីមន្រ្តី គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតនៅក្នុងខេត្តកំពត គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខទៀត ដែលនឹងពង្រីកការផ្គត់ផ្គង់ទឹកស្អាតដើម្បីគាំទ្រតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពត និងតំបន់ជុំវិញ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕



