ការសម្លាប់សិស្សសាលាបឋមសិក្សានៅអ៊ីរ៉ង់១៦៥នាក់គឺជារូបភាពទះកំផ្លៀងសហរដ្ឋអាម៉េរិក និង អ៊ីស្រាអែល ដែលតែងតាំងខ្លួនឯងថាសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព
ប្រជាជនមូស្លីមនិកាយស៊ីអ៊ីតរាប់ពាន់នាក់បានចូលរួមក្នុងព្រឹត្តិការណ៍មួយដើម្បីចូលរួមរំលែកទុក្ខដល់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei នៅទីក្រុង Karachi ប្រទេសប៉ាគីស្ថាន ដោយប្រកាសថ្កោលទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់។ ព្រឹត្តិការណ៍នេះជាការចូលរួមផ្តល់កិត្តិយសម្រាប់សពអតីតមេដឹកនាំកំពូលរបស់ពួកគេ Ali Khamenei ដែលបានគ្រប់គ្រងប្រទេសអ៊ីរ៉ង់អស់រយៈពេលជិត ៤០ឆ្នាំរហូតដល់គាត់ត្រូវបានគេធ្វើឃាតក្នុងហេតុការណ៍វាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយសង្គ្រាមអ៊ីរ៉ង់។ អ្នកចូលរួមបានស្រែកពាក្យស្លោកដូចជា “ផ្តួលរំលំសហរដ្ឋអាមេរិក” និង “ផ្តួលរំលំអ៊ីស្រាអែល” ជាដើម ហើយបានថ្កោលទោសប្រទេសទាំងពីរចំពោះការសម្លាប់ជនស៊ីវិលស្លូតត្រង់ រួមទាំងកុមារជាសិស្សបឋមសិក្សាចំនួន ១៦៥នាក់នៅ Minab ផងដែរ។ អ្នករៀបចំការជួបជុំសាធារណៈក៏បានដាក់តាំងរូបថតកុមារដែលបានស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលនៅ Minab នោះ ជាមួយនឹងការតាំងបង្ហាញរូបតំណាងសពក្លែងក្លាយរបស់ពួកគេ ដែលរុំដោយក្រណាត់ប្រឡាក់ឈាម រួមជាមួយនឹងគ្រឿងឧបករណ៍សាលារៀន មានទាំងកាបូបដែលខ្ទេចខូចផងដែរ។ «ការសម្លាប់កុមារជាសិស្សសាលាបឋមសិក្សាស្លូតត្រង់នៅ Minab គឺជារូបភាពទះកំផ្លៀងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មួយដៃយ៉ាងធ្ងន់ ដែលពួកគេអះអាងខ្លួនឯងថា សមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាពនោះ។ យើងចង់ប្រាប់ពិភពលោកថា អ្នកដែលបានទម្លាក់គ្រាប់បែកលើសាលារៀន គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាសត្រូវរបស់មនុស្សជាតិកាលពីអតីតកាល ហើយពួកគេក៏ជាសត្រូវរបស់មនុស្សជាតិនាពេលបច្ចុប្បន្ននេះដែរ» នេះជាការសង្កត់ធ្ងន់របស់លោក Mohammad Sadiq Jaferi មេដឹកនាំនិកាយស៊ីអ៊ីត។ សូមរំលឹកថាមនុស្សជាង ១៦៥ នាក់ ដែលភាគច្រើនជាកុមារ ត្រូវគេសម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលសាលាបឋមសិក្សាមួយនោះស្ថិតនៅជាប់នឹងមូលដ្ឋានក្រុមឆ្មាំបដិវត្តន៍នៅ Minab ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ដែរ ត្រូវបានវាយប្រហារដោយការវាយសង្រ្គប់របស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ



