រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ពិព័រណ៍រូបថតរបស់អ្នកសារព័ត៌មានអំឡុងពេលសង្គ្រាមគឺជាការឆ្លុះបញ្ចាំងពីជ្រុងមួយនៃដំណើរកម្ពុជា ក្នុងរយៈពេល ៥៦ឆ្នាំ ដែលអ្នកសារព័ត៌មានបានចូលរួមកត់ត្រា រាយការណ៍ និងនាំយករឿងរ៉ាវរបស់កម្ពុជាទៅកាន់សាធារណជន និងពិភពលោក,
រូបថតនីមួយៗដែលបានដាក់តាំង មិនមែនជារូបភាពធម្មតានោះទេ គឺជាកំណត់ត្រានៃពេលវេលា ជាសាក្សីនៃប្រវត្តិសាស្ត្រ និងជាភស្តុតាងនៃសេចក្តីក្លាហានរបស់អ្នកសារព័ត៌មាន។ រូបថតទាំងនេះនាំយើងឱ្យឃើញទាំងអតីតកាលដ៏ឈឺចាប់ ការប្រឈមរបស់អ្នកសារព័ត៌មាននៅជួរមុខ និងការបន្តរីកចម្រើននៃវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន។
នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសនៃពិធីសម្ពោធការតាំងពិព័រណ៍រូបថតរបស់អ្នកសារព័ត៌មានអំឡុងពេលសង្គ្រាម ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន
នៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គរដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស្ស៊ី, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនរូប។
ពិធីនេះធ្វើឡើងស្របពេលនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព »
និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការតាំងពិព័រណ៍រូបថតស្តីពីតួនាទី និងសកម្មភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ពេលបច្ចុប្បន្ន គឺជាការឆ្លុះបញ្ចាំងពីជ្រុងមួយនៃដំណើរកម្ពុជា ក្នុងរយៈពេល ៥៦ ឆ្នាំ ដែលអ្នកសារព័ត៌មានបានចូលរួមកត់ត្រា រាយការណ៍ និងនាំយករឿងរ៉ាវរបស់កម្ពុជាទៅកាន់សាធារណជន និងពិភពលោក។
ការតាំងពិព័រណ៍រូបថតនេះ ក៏ជាការរំឭកថា សារព័ត៌មានមានតួនាទីដ៏សំខាន់ក្នុងសង្គម។ នៅសម័យសង្គ្រាម អ្នកសារព័ត៌មានបានរាយការណ៍អំពីការប្រយុទ្ធ ការរងទុក្ខរបស់ប្រជាជន និងការវិវត្តនៃប្រវត្តិសាស្ត្រ។ នៅសម័យសន្តិភាព អ្នកសារព័ត៌មានបន្តមានតួនាទីក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ បង្កើនការយល់ដឹងសាធារណៈ ជំរុញការទទួល ខុសត្រូវ និងចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា តាមរយៈការតាំងពិព័រណ៍នេះ យើងចង់ផ្ញើសារមួយយ៉ាងច្បាស់ថា «កម្ពុជាមិនភ្លេចអ្នកដែលបានចូលរួមកត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនឡើយ។ យើងមិនភ្លេចអ្នកសារព័ត៌មានដែលបានបង្ហាញពិភពលោកឱ្យឃើញពីការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា។ យើងក៏មិនភ្លេចថា សន្តិភាពដែលយើងមានសព្វថ្ងៃ មានតម្លៃខ្ពស់ ហើយត្រូវការការថែរក្សា ការពារ និងលើកតម្កើងជារៀងរាល់ថ្ងៃ»។
ការរំឭកនេះ មិនមែនគ្រាន់តែជាការមើលត្រឡប់ទៅអតីតកាលប៉ុណ្ណោះទេ។ វាជាការរំលឹកដល់យើងទាំងអស់គ្នាថា សេរីភាពសារព័ត៌មានត្រូវតែដើរជាមួយទំនួលខុសត្រូវ វិជ្ជាជីវៈ សីលធម៌ និងការគោរពការពិត។ សង្គមមួយដែលមានព័ត៌មានត្រឹមត្រូវ គឺជាសង្គមមួយដែលមានមូលដ្ឋានរឹងមាំសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕



