រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់សក្ការៈបូជាខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីបុណ្យវិសាខបូជា យ៉ាងអធិកអធមនៅបរិវេណវត្តឥន្ទញ្ញាណ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងកុះករ។
បុណ្យវិសាខបូជា គឺជាទិវាដ៏ពិសិដ្ឋបំផុតសម្រាប់ពុទ្ធសាសនិកជនទូទាំងសកលលោក ដើម្បីរំលឹកនឹកដល់ព្រឹត្តិការណ៍អស្ចារ្យទាំង ៣ របស់ព្រះសម្មាសម្ពុទ្ធ គឺ ថ្ងៃប្រសូតិ ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន ដែលព្រឹត្តិការណ៍ទាំង ៣ នេះ សុទ្ធតែបានកើតឡើងក្នុងថ្ងៃ ១៥កើត ពេញបូណ៌មី ខែពិសាខ ដូចគ្នា។ គួររំលឹកផងដែរថា បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់ជាអន្តរជាតិកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។
ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ ថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទបានរួមគ្នា ថ្វាយគ្រឿងសក្ការៈបូជា មានការតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើងពណ៌ និងចងបដារូបភាពព្រះពុទ្ធអង្គយ៉ាងស្រស់ស្អាត។ កិច្ចប្រតិបត្តិសាសនា ការសូត្រធម៌ចម្រើនព្រះបរិត្ត ស្តាប់ព្រះធម៌ទេសនា និងការធ្វើសមាធិកម្មដ្ឋាន ដើម្បីស្វែងរកសេចក្តីស្ងប់ក្នុងចិត្ត។ ការដង្ហែប្រទក្សិណ ដើម្បីជាកិច្ចគោរពដល់ព្រះរតនត្រ័យ។
ដើម្បីឱ្យពិធីបុណ្យនេះប្រព្រឹត្តទៅបានល្អទូទាំងខេត្ត ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវសេចក្តីណែនាំដល់អាជ្ញាធរក្រុង-ស្រុក ដូចជា ការផ្សព្វផ្សាយសហការជាមួយសាលាអនុគណ ដើម្បីបញ្ជ្រាបខ្លឹមសារបុណ្យវិសាខបូជាដល់ស្រទាប់យុវជន។ ការរៀបចំគ្រប់វត្តអារាម ដើម្បីជំរុញឱ្យគ្រប់វត្តទាំងអស់តុបតែងទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រឱ្យមានភាពសមរម្យ។ សន្តិសុខ និងសណ្តាប់ធ្នាប់ គឺបញ្ជាឱ្យកងកម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកធ្វើបុណ្យទាន។
ពិធីបុណ្យវិសាខបូជានេះ មិនត្រឹមតែជាកិច្ចបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញនូវការរួបរួមគ្នាក្រោមម្លប់សន្តិភាព និងការថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញដែលចែងថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ”៕

សម្រួលអត្ថបទ:ស្រីមុំ


