រដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យសម្រេចលើគម្រោងវិនិយោគថ្មីចំនួន ២ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនពលរដ្ឋ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរបស់ «អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ»។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងសម្រេចលើសំណើសុំវិនិយោគលើគម្រោងថ្មីចំនួនពីរ ដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

​១. គម្រោងផលិតសម្ភារៈ និងចំណីសត្វ ក្រុងព្រះសីហនុ

​យោងតាមរបាយការណ៍សង្ខេបដោយ លោក ឃាង ភារម្យ  ជាមន្ត្រីជំនាញ បានឱ្យដឹងថា ក្រុមហ៊ុន SHV 

Manufacturing (Cambodia) Co., Ltd បានបោះទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក នៅលើផ្ទៃដីទំហំ ៣,០០០ ម៉ែត្រការេ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

​សង្វាក់ផលិតកម្ម ផ្តោតលើការផលិតសម្ភារៈប្រើប្រាស់សម្រាប់សត្វចិញ្ចឹម និងចំណីសត្វ។

​ទីផ្សារនាំចេញ ផលិតផលដែលផលិតបាននឹងត្រូវនាំចេញទៅកាន់ទីផ្សារធំៗ រួមមាន សហរដ្ឋអាមេរិក កាណាដា អាមេរិចខាងត្បូង ជប៉ុន និងសហភាពអឺរ៉ុប។

ដែល​កម្លាំងពលកម្ម ក្នុងដំណាក់កាលដំបូងត្រូវការកម្មករ-និយោជិតចំនួន ២២៦នាក់ ហើយនៅពេលដំណើរការពេញលេញ នឹងកើនឡើងដល់ ៣២៦នាក់ ក្នុងនោះមានអ្នកបច្ចេកទេសបរទេសប្រមាណ ២៧នាក់។

​២. គម្រោងផលិតគ្រឿងម៉ាស៊ីន និងបរិក្ខារ (ស្រុកស្ទឹងហាវ)

​ដោយឡែក ក្រុមហ៊ុន FORCOME (CAMBODIA) CO., LTD ដែលមានទីតាំងស្ថិតក្នុងឃុំអូរជ្រៅ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានស្នើសុំនាំចូលគ្រឿងចក្រ សម្ភារៈផលិតកម្ម និងវត្ថុធាតុដើម ដើម្បីបម្រើឱ្យសង្វាក់ផលិតកម្មលើផ្ទៃដី ២,០០០ ម៉ែត្រការេ។

​ដើម្បី ផលិតគ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខារផ្សេងៗ។

​ក្រុមហ៊ុនបានធ្វើការនាំចូលវត្ថុធាតុដើមរួចរាល់ចំនួនពីរលើកមកហើយ ដើម្បីត្រៀមផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។

​ក្រោយការពិភាក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណះភិបាលខេត្ត  បានសម្រេចឯកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំងពីរ។  

និងបានលើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុនទាំងពីរ ជួយផ្សព្វផ្សាយ និងណែនាំដល់អ្នកវិនិយោគិនដទៃទៀតឱ្យមកបណ្តាក់ទុននៅខេត្តព្រះសីហនុបន្ថែមទៀត ដោយសារខេត្តមានសក្តានុពលខ្លាំង និងអំណោយផលល្អដល់អ្នកវិនិយោគ និងការគាំទ្រពីរដ្ឋបាលខេត្តលើគ្រប់វិស័យ។

​ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់តំណាងក្រុមហ៊ុនទាំងពីរ ទទួលបានជោគជ័យក្នុងអាជីវកម្ម និងបន្តរីកចម្រើនក្នុងឱកាសឆ្នាំថ្មីនេះផងដែរ។

អត្ថបទ: មន សូត្រ

ថតដោយ: ជោត