ពលរដ្ឋនៅកោះរ៉ុងសន្លឹម ទទួលបានកាដូដ៏ថ្លៃថ្លាពីប្រមុខរាជរដ្ឋាភិបាល តាមរយៈការតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋប្រើប្រាស់

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋរស់នៅលើកោះរ៉ុងសន្លឹម មានប្រព័ន្ធអគ្គិសនីរដ្ឋត្រូវបានតភ្ជាប់ទៅដល់ទីនោះជាស្ថាពរ ដែលជាការឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការងារបច្ចេកទេស ក្នុងការដាក់បង្គោល និងការតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីធានាថា ប្រព័ន្ធចែកចាយអគ្គិសនីមានសុវត្ថិភាពខ្ពស់ និងអាចដំណើរការបាន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គម្រោងតភ្ជាប់ចរន្តអគ្គិសនីក្រោមបាតសមុទ្រនេះ គឺជាសមិទ្ធផលផ្លែផ្កាដែលបន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ខ្សែបណ្តាញអគ្គិសនីនេះ ត្រូវបានអូសទាញចេញពីតំបន់តារាសាគរ តភ្ជាប់មកកាន់កោះរ៉ុង និងបន្តមកដល់កោះរ៉ុងសន្លឹម ដែលមានអនុភាពរហូតដល់ ៣៥ គីឡូវ៉ុល ដែលអនុភាពនេះ គឺមានទំហំធំគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទាំងកោះ ក៏ដូចជាការបម្រើឱ្យវិស័យអាជីវកម្មសណ្ឋាគារ និងរីសតនានាផងដែរ។

ចំណុចដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយបំផុតនោះគឺ “តម្លៃ”។ ឯកឧត្តមបានប្រកាសថា តម្លៃអគ្គិសនីរដ្ឋ ចាប់ពី ៧២០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងចុះក្រោមទៅតាមកម្រិតប្រើប្រាស់របស់ប្រជាពលរដ្ឋ ដោយតម្លៃចាស់ភ្លើងរបស់ឯកជន កន្លងមកពលរដ្ឋត្រូវចំណាយរហូតដល់ ២,៩០០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ការចុះថ្លៃជាង ៤ដងនេះ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងជំរុញសកម្មភាពសេដ្ឋកិច្ចលើកោះឱ្យកាន់តែរស់រវើក។

រាជរដ្ឋាភិបាលនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់អគ្គិសនីរដ្ឋជាផ្លូវការនៅកោះរ៉ុងសន្លឹម ចាប់ពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមកទំនាក់ទំនងជាមួយក្រុមការងារជំនាញ ដើម្បីដាក់ពាក្យស្នើសុំតភ្ជាប់ចរន្តមកកាន់គេហដ្ឋានរៀងៗខ្លួន។

ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅសង្កាត់កោះរ៉ុងសន្លឹម បានសម្តែងនូវក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលមិនបោះបង់ពលរដ្ឋនៅតំបន់ដាច់ស្រយាលតាមសមុទ្រ។ ពលរដ្ឋបានលើកឡើងថា ការមានអគ្គិសនីរដ្ឋប្រើប្រាស់ មិនត្រឹមតែជួយសន្សំសំចៃថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកូនចៅមានពន្លឺរៀនសូត្រ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត៕

អត្ថបទ៖ មឿន ស្រីមុំ