គ្រូពេទ្យមនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពង់ចាម

ក្រុមការងារគ្រូពេទ្យមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកសី្រសន្ធរ ខេត្តកំពង់ចាម ស្ថិតក្នុងបរិវេណមនី្ទរពេទ្យបង្អែកស្រីសន្ធរ បានចំនួនជាង២០០០នាក់។

ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ កម្មវិធីដ៏មានអត្ថន័យនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការ One Sight Essilor Luxottica Foundation, Bloomberg (ប៊្លូមប៊ឺក)  និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។  ការថែទាំសុខភាពភ្នែក គឺជាផ្នែកសំខាន់មួយនៃសុខភាពសាធារណៈ ព្រោះការមានភ្នែក ដែលមានសុខភាពល្អ អាចជួយឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយគុណភាព បង្កើនផលិតភាពក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃ។ ជាពិសេសពិនិត្យភ្នែកឱ្យបានទៀងទាត់ ទោះបីជាភ្នែកមិនមានបញ្ហាក៏ដោយ អ្នកគួរទៅជួបគ្រូពេទ្យភ្នែកយ៉ាងហោចណាស់ ១ឆ្នាំម្តង ដើម្បីពិនិត្យមើលសុខភាពភ្នែកទូទៅ។

ទន្ទឹមគ្នានោះដែរតាងនាមឲ្យក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង នៃមនី្ទរពេទ្យព្រះអង្គឌួង ពិតជាមានសេចកី្តសប្បាយរីករាយខ្លាំងណាស់ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន អញ្ជើញមកទទួលការពិនិត្យសុខភាពភ្នែក ក៏ដូចជាទទួលវ៉ែនតា និងថ្នាំបណ្តក់ភ្នែកត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។ ក្នុងនោះក្រុមគ្រូពេទ្យជំនាញ នៃមនី្ទរពេទ្យព្រះអង្គឌួង បានផ្តល់សេវាអ្នកជំងឺសរុប ២១២៨នាក់ ស្រី ១៣៤៨នាក់, អ្នកជំងឺទទួលវ៉ែនតា១៧៨៤ ស្រី១១១៩នាក់, អ្នកជំងឺបញ្ជូន១៨៩នាក់ ស្រី១២៧នាក់ និងអ្នកជំងឺវះកាត់ ១៤នាក់ ស្រី៩នាក់។

ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ដែលអញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក មានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង និងពេញចិត្តជាខ្លាំងលើគុណភាពសេវា ពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ដោយឥតគិតថ្លៃ ដែលធ្វើឲ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ។

ចំណែកតំណាងលោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia បានជម្រាបជូនថា មូលនិធិ Fred Hollows គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលយើងមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី ហើយអង្គការបានធ្វើប្រតិបតិ្តការក្នុងប្រទេសកម្ពុជា មានរយៈពេលជិត២០ឆ្នាំមកហើយ ក្នុងការជួយពិនិត្យ ព្យាបាល និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខភាពភ្នែក ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ អគារចក្ខុរោគ និងផ្តល់ឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសភ្នែក ក្នុងការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេស។ ដូច្នេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ដែលហៅថាឈឺភ្នែកនេះ សូមបងប្អូនកុំជឿការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលមិនមានប្រភពច្បាស់លាស់។ ដូចនេះសូមបងប្អូនទៅជួបជាមួយគ្រូពេទ្យដែលមានជំនាញឯកទេស។ ជាមួយគ្នានេះ ប្រសិនបើបងប្អូន មានប័ណ្ណមូលនិធិសមធម៌ ប័ណ្ណប.ស.ស. មានលទ្ធភាព ឬមិនមានលទ្ធភាពក្តី សូមមេត្តាទៅឲ្យដល់ជួបជាមួយក្រុមគ្រូពេទ្យជំនាញ ឬក៏ទៅដល់មនី្ទរពេទ្យ ដើម្បីយើងធ្វើការពិនិត្យ ព្យាបាលជំងឺភ្នែករបស់យើងក្នុងមនី្ទរពេទ្យបង្អែកស្រីសន្ធរ ឬក៏ទៅមនី្ទរពេទ្យព្រះអង្គឌួង ថ្នាក់ជាតិក៏បាន៕