ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អាជ្ញាធរឃុំព្រែករំដេង កោះអណ្ដែត និងឬស្សីស្រុក រីករាយប្រើប្រាស់ App NoDrug ដើម្បីប្រឆាំងគ្រឿងញៀន
(ខេត្តកំពង់ចាម)៖ នៅល្ងាចថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅវត្តពហុបុប្ផារាម (ព្រែករំដេង) ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានជួបគ្រប់សមាសភាពទូទាំងឃុំព្រែករំដេង កោះអណ្តែត និងឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug គោលដៅរួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។
លោក ជុំ នីម មេឃុំព្រែករំដេង បានសំដែងនូវការស្វាគមន៍ដោយសោមនស្សន៍រីករាយ ថ្លែងអំណរគុណ ចំពោះប្រតិភូទាំងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូពីរបណ្ដាឃុំទាំងអស់ដែលបានមកជួបប្រជុំគ្នា ដើម្បីទទួលយកនៅចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជាអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជននៅក្នុងមូលដ្ឋានឃុំរៀងៗខ្លួនជារួម និយាយដោយឡែកគឺបានជម្រាបជូនពី ការងារមួយចំនួនដើម្បីលើកកម្ពស់បាននូវជីវភាពរស់នៅ សុខភាព អនាម័យ បរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឃុំព្រែករំដេង។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសសើរ ថ្លែងអំណរគុណ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរភូមិឃុំរបស់យើងក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់មូលដ្ឋាន ពិសេសគឺបានខិតខំក្នុងការបង្ការ ទប់ស្កាត់ ដោះស្រាយបញ្ហាគ្រឿងញៀនដែលជាបញ្ហារួមរបស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានលើកយកសភាពការណ៍ទូទៅនៃបញ្ហាគ្រឿងញៀនដែលនៅតែបន្តញាំញីដល់ប្រជាពលរដ្ឋ ពិសេសយុវជនដែលតម្រូវឲ្យយើងត្រូវធ្វើការរួមគ្នាបន្តការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននេះ ឲ្យបានជាប់ជាប្រចាំដោយបញ្ជ្រាបខ្លឹមសារអប់រំពីគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ក្នុងពិធីជួបជុំនានា មានជាអាទិ៍ ពិធីប្រជុំ វេទិកាសាធារណៈ សាលារៀន ក្នុងពិធីសាសនា-ទំនៀបទម្លាប់ប្រពៃណីតាមវត្តអារាម -គ្រួសារ-សហគមន៍ .ល. ដើម្បីការពារយុវជនដែលជាទំពាំងស្នងឬស្សីរបស់យើង ។
អ្នកចូលរួមបានសម្ដែងនូវការសប្បាយរីករាយដោយទទួលបានព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពិសេសអត្ថប្រយោជន៍នៃ App NoDrug ហើយពួកគាត់នឹងផ្សព្វផ្សាយពីការយល់ដឹងនេះបន្តដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឱ្យរីករាលដាលនៅក្នុងមូលដ្ឋានភូមិឃុំសហគមន៍របស់ពួកគាត់។



