ឯកឧត្តម ហេង រតនា ទទួលជួបពិ ភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសលីទុយអានី នៅទីបញ្ជាការស៊ីម៉ាក់ រាជធានីភ្នំពេញ…

ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលបដិសណ្ឋារកិច្ច និងពិភាក្សាការងារជាមួយ ឯកឧត្តម Kęstutis Budrys (កេស្ទូទីស ប៊ូឌ្រីស) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ដើម្បីស្វែងយល់ពីវិស័យសកម្មភាពមីន និងកិច្ចប្រតបត្តិការរបស់អង្គភាពCMAC (ស៊ីម៉ាក់) ព្រមទាំងការផ្លាស់ប្តូរទស្សនៈលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីនអន្តរជាតិ ជាពិសេសការហ្វឹកហ្វឺន ដែលអង្គភាពស៊ីម៉ាក់បានផ្តល់ប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសបទពិសោធន៍ដែលបានបណ្តុះបណ្តាលជូនអ្នកជំនាញបោសសម្អាតមីនSESU(ស៊ីសូស)មកពីប្រទេសអ៊ុយក្រែន។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្ដមបានជម្រាបជូន ឯកឧត្តម Kęstutis Budrys (កេស្ទូទីស ប៊ូឌ្រីស) ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគាំទ្រអង្គភាពCMAC(ស៊ីម៉ាក់) ក្នុងការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅក្នុងសកលលោក។ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលក៏បានជម្រាបជូន អំពីប្រវត្តិសង្គ្រាមនៅកម្ពុជា ដែលបន្សល់ទុកនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ ជាពិសេសផលប៉ះពាល់បង្កដោយសង្រ្គាមឈ្លានពានសៀមកាលពីឆ្នាំ២០២៥ថ្មីៗកន្លងទៅនេះ ដែលបង្កឱ្យមានគ្រាប់យុទ្ធភណ្ឌយ៉ាងច្រើនជាពិសេសគឺគ្រាប់បែកចង្កោម និងប៉ះពាល់ដល់សហគមន៍។ ឯកឧត្ដមអគ្គនាយកក៏បានជម្រាបជូនគណៈប្រតិភូពីសកម្មភាពស្នូលរបស់អង្គភាពស៊ីម៉ាក់ រួមជាមួយសមិទ្ធផល និងវឌ្ឍនភាពការងារដែលអង្គភាពសម្រេចបានក្នុងការងារបោសសម្អាតមីន ដើម្បីប្រែក្លាយដីចម្ការមីនឱ្យទៅជាដីសុវត្ថិភាពសម្រាប់បង្ករបង្កើនផល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជូនដល់ប្រជាពលរដ្ឋកម្ពុជា ។

តាមរយៈជំនួបនេះដែរ ឯកឧត្ដមបានជម្រាបអំពីកម្មវិធីបណ្តុះបណ្តាលដែលអង្គភាពCMAC (ស៊ីម៉ាក់)បានផ្តល់ជូនដល់ក្រុមអ្នកជំនាញបោសសម្អាតមីនរបស់SESU(ស៊ីសូស)កន្លងមក ហើយត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់ និងស្របតាមស្តង់ដារអន្តរជាតិ និងបានជួយពង្រឹងសមត្ថភាពជាក់ស្តែងរបស់អ៊ុយក្រែនក្នុងការដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្រ្គាមនៅលើទឹកដីរបស់ខ្លួន។

ជាការឆ្លើយតប ឯកឧត្តម Kęstutis Budrys (កេស្ទូទីស ប៊ូឌ្រីស)បានសម្តែងនូវការកោតសរសើរយ៉ាងពេញទំហឹង ចំពោះកិច្ចប្រិបត្តិការរបស់អង្គភាពCMAC ជាពិសេសរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រអង្គភាពCMAC ក្នុងការចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងសកលលោក ។ ឯកឧត្តម បានចាត់ទុកថា ការចែករំលែកបទពិសោធន៍របស់អង្គភាពCMAC គឺជាការចូលរួមចំណែកដ៏មានតម្លៃបំផុតសម្រាប់សន្តិសុខមនុស្សជាតិ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

សូមជម្រាបថា ជំនួបពិភាក្សានេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពបច្ចេកទេសរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តួនាទីរបស់កម្ពជាលើឆាកអន្តរជាតិ ក្នុងនាមជាអ្នកចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរងលប៉ះពាល់ដោយសារសង្គ្រាម តាមរយៈជំនាញបោសសម្អាតមីន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញនិងលេីកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងលីទុយអានី ទាំងផ្នែកហ្វឹកហ្វឺនជំនាញនិងការអភិវឌ្ឍសម្ភារបច្ចេកទេសទំនេីបៗផងដែរ៕