ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យការដ្ឋានតភ្ជាប់បណ្តាញអគ្គសនី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកោះរ៉ុងសន្លឹម ដើម្បីជំរុញសក្តានុពលទេសចរណ៍

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដើម្បីប្រែក្លាយតំបន់កោះមួយនេះឱ្យទៅជាគោលដៅទេសចរណ៍កម្រិតខ្ពស់។

១. ការពន្លឿនការតភ្ជាប់បណ្តាញអគ្គសនី និងផ្លូវថ្នល់ នៅក្នុងបេសកកម្មនេះ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យដោយផ្ទាល់លើសកម្មភាពដំឡើងបង្គោលភ្លើង និងការរៀបចំបណ្តាញចែកចាយអគ្គសនីឱ្យបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះ គម្រោងស្ថាបនាផ្លូវខ្វាត់ខ្វែងជុំវិញកោះ ក៏កំពុងត្រូវបានពន្លឿន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។

“ការមានអគ្គសនីប្រើប្រាស់គ្រប់គ្រាន់ និងប្រព័ន្ធផ្លូវថ្នល់ដែលមានគុណភាព គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅលើកោះរុងសន្លឹម”។

២. ការយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋ និងអាជីវករ ក្រៅពីការងារបច្ចេកទេស ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានចំណាយពេលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងប្រកបរបរទទួលទានក្នុងតំបន់នោះ។ ឯកឧត្តមបានស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងបានលើកទឹកចិត្តឱ្យបងប្អូនចូលរួមថែរក្សាបរិស្ថាន អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ដែលជាប្រភពចំណូលផ្ទាល់របស់សហគមន៍។

៣. ចក្ខុវិស័យ និងសមិទ្ធផលថ្មីៗនាពេលអនាគតអ្វីដែលជាចំណុចដៅសំខាន់ គឺការចុះសិក្សាភូមិសាស្ត្រជាក់ស្តែង ដើម្បីត្រៀមរៀបចំ “គម្រោងសាងសង់សមិទ្ធផលថ្មីៗ” បន្ថែមទៀត។ គម្រោងទាំងនោះរួមមាន ការរៀបចំតំបន់ឆ្នេរឱ្យមានសណ្តាប់ធ្នាប់ ការសាងសង់មណ្ឌលសេវាកម្មសាធារណៈ ការបង្កើតចំណុចឆែកឆេរ សម្រាប់សុវត្ថិភាពទេសចរ និងការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព។

សកម្មភាពចុះជម្រុញការងារដោយផ្ទាល់របស់រដ្ឋបាលខេត្តព្រះសីហនុនាពេលនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រែក្លាយក្រុងកោះរុង ជាពិសេសកោះរុងសន្លឹម ឱ្យទៅជា “ត្បូងពេជ្រនៃទេសចរណ៍សមុទ្រ” ដែលមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងសេវាកម្មប្រកបដោយស្តង់ដារ៕

អត្ថបទ: ស្រីមុំ