ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី Wang Yahui នាយិកាមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ (China Foundation for Peace and Development) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកស្រី Wang Yahui បានថ្លែងអំណរគុណដល់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី បានមកស្វែងយល់អំពីសកម្មភាពមីននៅកម្ពុជា ក៏ដូចស្វែងយល់អំពីកិច្ចការមនុសធម៌ក្រោមអាណត្តិរបស់អាជ្ញាធរមីន។ ជាមួយគ្នានេះ លោកស្រី Wang Yahui បានស្នើឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ ផ្តល់ភាពដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការរួមចំណែករបស់មូលនិធិក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា ផងដែរ។
លោកស្រី Wang Yahui បានគូសបញ្ជាក់អំពីសកម្មភាពនានារបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងនោះផ្តោតសំខាន់លើការងារមនុស្សធម៌ និងមានដៃគូជាមួយអង្គការសង្គមស៊ីវិលជាច្រើន ក្នុងការជួយគាំទ្រដល់សកម្មភាពមនុស្សធម៌តាមប្រទេសក្នុងតំបន់។ មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ មានទីស្នាក់ការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ហើយបាននិងកំពុងជួយដល់សហគមន៍ក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រមទាំងបានកោតសរសើដល់សកម្មភាពមនុស្សធម៌របស់មូលនិធិ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
ភាគីទាំងពីរ អាជ្ញាធរមីន និងមូលនិធិ CFPD បានប្តេជ្ញាសហការគ្នា និងផ្តល់ភាពជាដៃគូរវាងគ្នា ក្នុងដំណើរការរួមគ្នាលើសកម្មភាពមនុស្សធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា។



