ខេត្តកំពង់ចាម ៖ ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរួមគ្នាធ្វើពិធីផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App NoDrug ដល់អង្គភាព និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកស្រីសន្ធរ ប្រមាណជា ៤០០នាក់។
ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត លោក ប៊ិន ឡាដា អភិបាលស្រុក បានមានប្រសាសន៍ ដោយបានលើកឡើងពីស្ថានភាពទូទៅការអភិវឌ្ឍន៍ រីកចម្រើនទូទាំងស្រុក និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានដែល គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកស្រីសន្ធរ បានខិតខំធ្វើការប្រយុទ្ធប្រឆាំងដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំការកោតសរសើរពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះ អាជ្ញាធរគ្រប់ថ្នាក់នៃខេត្តកំពង់ចាមនិយាយជារួមនិងនិយាយដោយឡែកអាជ្ញាធរស្រុកស្រីសន្ធរ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តស្រុកស្រីសន្ធរ ជាស្រុកទី២ដែលបានធ្វើការងារផ្សព្វផ្សាយដល់ប្រតិបត្តិករផ្ទាល់ដល់គ្រប់សមាសភាព ចូលរួមពីមេឃុំ មេភូមិ ព្រមទាំងនាយកសាលាទូទាំងស្រុកសូមបន្តយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្សព្វផ្សាយនេះ ឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀន ក៏ដូចជាជំរុញការប្រើប្រាស់ App NoDrug ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីប្រសិទ្ធភាព បង្ការទប់ស្កាត់បានកុំឲ្យប្រជាពលរដ្ឋធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន ” ខ្ញុំនិងអ្នកគ្មានបញ្ហាគ្រឿងញៀន គ្រួសារយើងនឹងគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន ហើយសហគមន៍យើងនឹងសុខសាន្ត មានការអភិវឌ្ឍ “។
លោក ជុំ នីម មេឃុំព្រែករំដេង បានថ្លែងនូវការចាប់អារម្មណ៍ និងអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាថ្នាក់ដឹកនាំខេត្ត ស្រុកស្រីសន្ធរ ដែលបានយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹង បញ្ហាគ្រឿងញៀន App NoDrug ដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន។



