លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំត្រៀមរៀបចំពិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខនេះ
កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាត និងចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទសេ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំត្រៀមរៀបចំពិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី នាង សាត រងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកប្រធានមន្ទីរ,លោកនាយការិយាល័យ និងនាយទាហានពាក់ពន្ធ័ចូលរួមផងដែរ។
តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដោយសារគៀក និងកម្មវិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មី នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលនឹងប្រព្រិត្តិទៅនាពេលឆាប់ៗខាងមុខនេះ ទើបត្រូវប្រជុំក្រុមការងារដែលពាក់ពន្ធ័ ដើម្បីត្រៀមរៀបចំទុកជាមុន ក្នុងគោលបំណង ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូន ហើយក្នុងនោះដែរក្រុមការងារអាវុធហត្ថដែលបានចូលរួមក្នុងអង្គប្រជុំក៏បានលើកឡើងពីចំនុចមួយចំនួនគឺដើម្បីបំពេញបន្ថែមផងដែរ។ ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានបែងចែកនូវការងារទៅតាមជំនាញដើម្បីពិនិត្យនិងអនុវត្តព្រមទាំងទទួលខុសត្រូវថែមទៀត។
សូមបញ្ជាក់ផងដែរថា អគារសេនាធិការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងមក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមនិងក្រុមការងារវិស្វករជំនាញសាងសង់ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីតាំងបន្ទាយថ្មី (អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី) ដែលបានចាក់ដីរួចរាល់ និងធ្វើរបងជុំវិញជាបណ្តោះអាសន្នសិនអស់ជាច្រើនថ្ងៃមកហើយផងដែរ៕



