ឯកឧត្តម លុយ ដាវីត អបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយសហគមន៍ខ្មែរនៅប្រទេសបារាំង និងបង្ហាញពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី
នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និងលោកជំទាវ ព្រមទាំងមន្រ្តីការទូតទាំងអស់ បានចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅវត្តមុនីសិក្ខារាម ស្ថិតនៅ Couilly Pont-Aux-Dames, ប្រទេសបារាំង។ ក្នុងពិធីបុណ្យចូលឆ្នាំនេះមានការចូលរួមពីអភិបាលក្រុង Couilly និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៃប្រទេសបារាំងចូលរួមយ៉ាងច្រើនកុះករ អធិកអធម ប្រម៉ាណជាង ១ពាន់នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បានពាំនាំនូវការសួរសុខទុក្ខ និងសារជូនពររបស់ថ្នាក់ដឹកនាំ ប្រគេនព្រះសង្ឃ និងជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅប្រទេសបារាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីអភិបាលក្រុង Couilly ដែលបានចូលរួមបុណ្យប្រពៃណីចូលឆ្នាំជាមួយប្រជាជនកម្ពុជា ដែលនេះជាការបង្ហាញពីស្មារតីនៃការបើកចំហ និងគាំទ្រដល់សកម្មភាពសាសនា និងវប្បធម៌ក្នុងដែនសមត្ថកិច្ចរបស់លោកស្រី។
ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីទំនាក់ទំនងពិសេស ប្រទេសកម្ពុជា និងបារាំង ដែលឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានប្រមុខរដ្ឋ/រដ្ឋាភិបាល ប្រទេសនិយាយភាសាបារាំងចូលរួមប្រមាណជាង៩០ប្រទេស/ស្ថាប័ន។ ជាមួយគ្នានេះផងដែរ ភាពជាដៃគូរជាមួយបារាំងកាន់តែមានភាពលេចធ្លោថែមទៀត តាមរយៈនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកប្រទេសកម្ពុជាក្នុងឱកាសនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលនេះជាដំណើរទស្សនកិច្ចជាប្រវត្តិតិសាស្ត្ររបស់ប្រធានាធិបតីបារាំងលើកទី២ ក្នងរយៈពេល៦០ឆ្នាំចុងក្រោយបន្ទាប់ពីទស្សកិច្ចរបស់ឧត្តមសេនីយ៍ Charles De Gualle កាលពីឆ្នាំ១៩៦៦។ទំនាក់ទំនងរវាងបារាំង និងកម្ពុជា បានឈានចូលដល់បរិបទថ្មីមួយ តាមរយៈការពិគ្រោះយោបល់ផ្នែកនយោបាយ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់។ បារាំងគាំទ្រដំណោះស្រាយដោយសន្តិវិធីនូវបញ្ហាព្រំដែន រវាងកម្ពុជា-ថៃដែលឈរលើច្បាប់អន្តរជាតិ និងត្រៀមផ្តល់ឯកសារចាំបាច់នាៗ ដើម្បីប្រើប្រាស់ផ្លូវច្បាប់សម្រាប់ភាគីជម្លោះទាំងពីរ។
ពិធីបុណ្យចូលឆ្នាំបានប្រារព្ធក្នុងបរិយាកាសជាគ្រួសារសហគមន៍ខ្មែរតែមួយ ប្រកបដោយទឹកមុខរីរាយ និងស្និទស្នាល។



