ឯកឧត្តម វង សូត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី“សភាត្រាប់” សម្រាប់យុវជនដើម្បីពង្រឹងភាពជាអ្នកដឹកនាំ ការចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ នាវិមានរដ្ឋសភា
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចកក្រកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី“សភាត្រាប់” សម្រាប់យុវជនដើម្បីពង្រឹងភាពជាអ្នកដឹកនាំ ការចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី (Women Caucus) លោកស្រី វ្លាដាន់ការ អាំងឌេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រ កម្ពុជាលោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) ប្រធានមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំនៅកម្ពុជា (UNFPA) ព្រមទាំងលោកជំទាវ ឯកឧត្តម សមាជិកា សមាជិករដ្ឋសភា និងតំណាង រាជរដ្ឋាភិបាល; ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ជាច្រើនរូប នាវិមានរដ្ឋសភា។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី (Women Caucus) បានមានប្រសាសន៍ថា «សភាត្រាប់» គឺជាគំនិតផ្តួចផ្តើម របស់គណៈកម្មការទី៨ និង ក.ស.ក. ន.ស ដែលជាគម្រោងបន្តពីយុទ្ធនាការ ក្មេងស្រី ឆ្ពោះទៅកាន់ ភាព ជាអ្នកដឹកនាំ ដែលហៅកាត់ជាភាសាអង់គ្លេស ថា #Girls2leader ដែលមានលោកជំទាវ ជាប់ជាឯកអគ្គរាជទូតនៃវេទិកាអ្នកនយោបាយស្ត្រី តំណាងព្រះរាជាណាចក្រកម្ពុជា មានទីស្នាក់ការនៅទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្សិក។ ដោយយល់ឃើញថា តាមរយៈកម្មវិធីនេះ យើង បានជួបជាមួយក្មេងស្រីជាច្រើន នៅតាមបណ្តារាជធានី -ខេត្ត ដែលពួកគេសុទ្ធសឹង ជាអ្នកមានសក្តានុពល ដែលមានក្តី សុបិនចង់ឈោងចាប់អាជីពនានា និងអាជីពនយោបាយផងដែរ។ តាមរយៈ ការចែករំលែកបទពិសោធរបស់ សមាជិការដ្ឋសភា សមាជិកា ក្រុមប្រឹក្សា មូលដ្ឋាន ក៏ដូចជា ថ្នាក់ ដឹកនាំ ស្រ្តីផ្សេងទៀត ក្មួយៗដែលបានចូលរួម មាន ចំណាប់អារម្មណ៍ ជាច្រើន ដែលឆ្លុះបញ្ចាំង តាមរយៈការសួរសំណួរ ជាច្រើន នៅរៀងរាល់វគ្គ ។ លោកជំទាវ បានបញ្ជាក់ថា ដោយមើលឃើញពីកាលានុវត្តភាពនេះ គណៈកម្មការទី៨ និង ក.ស.ក.ន.ស. មានគោលបំណងចង់បន្ត សកម្មភាពបែបនេះ ដោយបង្កើនភាពទាក់ទាញបន្ថែមទៀត តាមរយៈ ការរៀបចំ ជាសភាត្រាប់នេះឡើង ។ នៅក្នុងឱកាសនេះ លោកជំទាវ ឡោក ខេង បានជម្រាបជូនថា សភាត្រាប់ គឺជាផ្នែកមួយនៃការបណ្តុះបណ្ដាល សមត្ថភាព ស្មារតី និង មនសិការ ដល់យុវជន ជាពិសេសក្មេងស្រី ឱ្យពួកគាត់ខិតខំ ស្វែងយល់ ហ្វឹកហាត់ការងារ តស៊ូមតិបែប នយោបាយ។ ក្នុងអំឡុង នៃកម្មវិធី ក្មួយៗ នឹងទទួលបានការបណ្តុះបណ្តាលមូលដ្ឋាន ដែលចាំបាច់ ដើម្បីអាចធ្វើត្រាប់ការប្រជុំសភា ដោយពេញ លេញបាន ។ មិនតែប៉ុណ្ណោះ លើសពីកម្មវិធី សភាត្រាប់ដទៃ គឺក្មួយៗ ដែលចូលរួម នឹងបានឡើងមកថ្លែងនៅក្នុងបរិវេណ អគាររដ្ឋសភា ដោយផ្ទាល់តែម្តង ពោលគឺមកកន្លែងជាក់ស្តែង ដែលអ្នកតំណាងរាស្រ្ត តំណាងរាជរដ្ឋាភិបាល ធ្វើការជជែក ដេញដោលដោយផ្ទាល់ អំពីសេចក្ដីព្រាងច្បាប់នានាក្នុងការគ្រប់គ្រងប្រទេស ដើម្បីជាតិ និងប្រជាជន។
ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងជាប្រធានក្រុមសភាជាតិនៃអ្នកនយោបាយស្ត្រី (Women Caucus) ព្រមទាំងអង្គការ UN Women និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ក្រសួងសមភាពយេនឌ័រ និងគ្រួសារ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រ ទាំងផ្នែកស្មារតី និងសម្ភារៈ សហការគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារៈ សំខាន់នេះឡើង។ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានមានប្រសា សន៍បញ្ជាក់ថា កម្មវិធីសភាត្រាប់នេះ លើសពីការធ្វើត្រាប់តាមសម័យប្រជុំសភាទៅទៀត។ កម្មវិធីនេះ គឺជាស្ពានដ៏មានអត្ថន័យ រវាងអ្នកដឹកនាំជំនាន់បច្ចុប្បន្ន និងអ្នកដឹកនាំនាពេលអនាគត ដែលនឹងក្លាយជាអ្នករៀបចំ គោលនយោបាយ និងអភិបាលកិច្ចរបស់ប្រទេសជាតិយើង។ហេតុដូច្នេះ កម្មវិធី “សភាត្រាប់”នេះ មិនមែនត្រឹមតែជាសកម្មភាពសិក្សាប៉ុណ្ណោះទេ តែគឺជាវេទិកាមួយ ដែលយុវតី យុវជនអាចអនុវត្តជាក់ស្តែងនូវភាពជាអ្នកដឹកនាំ ពង្រឹងការចូលរួមក្នុងកិច្ចការសង្គម និងការចូលរួមក្នុងភាពជាប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម វង សូត បានមានប្រសាសន៍បញ្ជាក់បន្តថា “យុវជន គឺជាអនាគត ជាសសរទ្រូងរបស់ប្រទេសជាតិ។ យុវជន គឺជាមូលដ្ឋានគ្រឹះនៃភាពធន់របស់ជាតិ ជាពិសេសក្នុងបរិបទដែលពិភពលោកបច្ចុប្បន្ន កំពុងតែមានភាពប្រែប្រួលឥតឈប់ឈរ ប្រឈមគ្រោះថ្នាក់ មានហានិភ័យខ្ពស់ និងមិនប្រាកដប្រជា។ សង្គ្រាមបានផ្ទុះឡើងស្ទើរគ្រប់តំបន់នៃពិភពលោក ជាពិសេសសង្គ្រាមដែលកំពុងបន្តកើតមាន នៅក្នុងតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសេដ្ឋកិច្ចជាពិសេស ប្រេង និងឧស្ម័ន ដែលជាវត្ថុធាតុដើម ដ៏សំខាន់សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម។
ឯកឧត្តម មានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់កម្ពុជាវិញ បន្ថែមពីផលប៉ះពាល់ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កម្ពុជា ត្រូវទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីប្រទេសជិត ខាងរបស់ខ្លួន គឺប្រទេសថៃ ដែលជានិច្ចកាលតែងចិញ្ចឹមចិត្ត មានមហិច្ឆតាឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹក ដីរបស់កម្ពុជា។ ដូច្នេះយុវជនដែលជាសសរទ្រូង ប្រទេសជាតិ ត្រូវពង្រឹងទាំងកម្លាំងស្មារតី និងសមត្ថភាពឱ្យមានភាពខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ។ យុវជនគឺជាសសរស្ដម្ភ និងជាខឿនការពារជាតិ ដែលមិនអាចខ្វះបាន។
ក្នុងន័យនេះ ឯកឧត្តម សូមលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនទាំងអស់ ជាពិសេសយុវតី និងយុវជន ដែលមាន វត្តមាននៅទីនេះ ត្រូវមានភាពក្លាហាន និងមោះមុតក្នុងការបង្ហាញពីសុក្តានុពល និងភាពជាអ្នកដឹកនាំរបស់ខ្លួនដោយភាព ស្វាហាប់៕



