ក្រោយពីជប៉ុនរងគ្រោះរញ្ជួយដីកម្រិតខ្លាំង៧.៧រ៉ិចទ័រ និងមានរលកយក្សស៊ូណាមិកម្ពស់ជាង៨០សង់ទីម៉ែត្រពីបាតសមុទ្រកាលពីម្សិលមិញនេះមក! ជប៉ុនអាចប្រឈមគំរាមពេញ១សប្តាហ៍ទៀត…
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រកាសព្រមានឲ្យប្រជាជនត្រូវជម្លៀសខ្លួនចេញជាបន្ទាន់កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បន្ទាប់ពីមានគ្រោះការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងជើងប្រទេសជប៉ុនពីកម្រិតបឋម រហូតដល់កម្រិតខ្លាំង។ ទីភ្នាក់ងារឧតុនិយមជប៉ុនចេញសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិផងដែរនៅក្នុងតំបន់ដោយបាននិយាយថា គ្រោះរញ្ជួយដីដែលមានកម្រិតបឋម ៧.៥ រ៉ិចទ័របានកើតឡើងនៅឯឆ្នេរសមុទ្រ Sanriku ភាគខាងជើងប្រទេសជប៉ុននៅវេលាម៉ោង៤និង៥៣នាទីរសៀល (ម៉ោងនៅក្នុងស្រុក) ក្នុងជម្រៅប្រហែលជា១០គីឡូម៉ែត្រនៅក្រោមផ្ទៃទឹកសមុទ្រ បន្តមកវាឡើងដល់កម្រិត៧.៧ រ៉ិចទ័រ។ ទីភ្នាក់ងារនេះបាននិយាយថារលកយក្សស៊ូណាមិមានកម្ពស់ប្រហែលជា ៨០សង់ទីម៉ែត្រ ត្រូវបានគេរកឃើញនៅកំពង់ផែ Kuji ក្នុងខេត្ត Iwate ហើយរលកយក្សស៊ូណាមិមានកម្ពស់ទាបជាង៤០សង់ទីម៉ែត្រ ត្រូវបានកត់ត្រានៅកំពង់ផែមួយផ្សេងទៀតនៅក្នុងខេត្តនេះដែរ។ ទីភ្នាក់ងារនេះបានជំរុញឱ្យប្រជាជននៅក្នុងតំបន់នេះនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ ឬតាមបណ្តោយទន្លេជាបន្ទាន់ ហើយស្វែងរកកន្លែងជ្រកកោននៅលើដីខ្ពស់ៗ។ ស្ថានភាពនេះក៏បានព្រមានប្រជាជននៅក្នុងតំបន់នោះ ស្តីអំពីការរញ្ជួយដីជាបន្តបន្ទាប់ដែលអាចកើតមានប្រហែលពេញមួយសប្តាហ៍នេះដែរ។ ខេត្ត Iwate បានចេញសេចក្តីជូនដំណឹងអំពីការជម្លៀសមនុស្សដែលជាកាតព្វកិច្ចបន្ទាន់នៅក្នុងទីក្រុងចំនួន ១១ ។ ទីភ្នាក់ងារនេះបាននិយាយថា រលកយក្សស៊ូណាមិមានកម្រិតរហូតដល់ ៣ ម៉ែត្រផ្សេងទៀតអាចនឹងវាយប្រហារតំបន់នោះដែរ។ បន្ថែមពីលើការព្រមានអំពីរលកយក្សស៊ូណាមិនៅ Iwate និង Aomori នៅភាគខាងជើង និងភាគអាគ្នេយ៍នៃកោះហុកកៃដូ ត្រូវបានគេជូនដំណឹងអំពីរលកយក្សស៊ូណាមិស្រាលជាងមុនសម្រាប់ឆ្នេរសមុទ្រ Miyagi និង Fukushima ភាគខាងត្បូងនៃចំណុចកណ្តាលរញ្ជួយដី។ សូមរំលឹកថាគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រមួយផ្សេងទៀតកាលពីខែធ្នូក៏បានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសដែរ។ ពេលវេលានោះវាមានរយៈពេល១៥ឆ្នាំមកហើយចាប់តាំងពីជប៉ុនរងគ្រោះរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ និងរលកយក្សស៊ូណាមិនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគខាងជើងប្រទេសជប៉ុន និងបណ្តាលឱ្យមនុស្សជាង ២២,០០០នាក់ស្លាប់ និងបង្ខំឱ្យមនុស្សជិតកន្លះលាននាក់រត់គេចខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលភាគច្រើននៃផ្ទះសម្បែងរបស់ពួកគេគឺដោយសារតែការខូចខាតពីរលកយក្សស៊ូណាមិ។ មនុស្សប្រហែលជា ១៦0,000 នាក់បានរត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេនៅ Fukushima ដោយសារតែសារធាតុវិទ្យុសកម្មដែលបញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងគ្រោះដោយរលកយក្សស៊ូណាមិ។ ក្នុងនោះមនុស្សប្រហែលជា ២៦,000 មិនទាន់បានត្រឡប់មកវិញទេ ព្រោះពួកគេបានតាំងទីលំនៅថ្មី៕
សម្រួលអត្ថបទ៖ សុផារិន្ទ



