ឯកឧត្តម គន់ គីម ចុះពិនិត្យការតបណ្តាញទឹកស្អាតតាមខ្នងផ្ទះបណ្តោះអាសន្នរបស់អតីតយុទ្ធជនសម្រាប់ប្រជាពលរដ្ឋភៀសសឹក

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យការតបណ្តាញទឹកស្អាតទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឯកឧត្តម គន់ គីម បានកោតសរសើរក្រុមការងារដែលបានខិតខំពន្លឿនការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ និងបានបន្តមកដល់ថ្ងៃនេះ ដែលសម្រេចលទ្ធផលបានប្រមាណ៩៥ភាគរយ។

ឯកឧត្តម គន់ គីម បញ្ជាក់ថា ផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាសម្រាប់ប្រជាពលរដ្ឋភៀសសឹក ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង សាលារៀន និងរៀបចំដីកសិកម្មសម្រាប់ជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ដើម្បីនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងករណីមានតម្រូវការបន្ទាន់ សូមរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ច៕