កម្ពុជាមានមោទនភាពខ្លាំងបំផុត ដោយសិស្សឆ្នើមសាលាប៉ាម៉ាអន្តរជាតិចំនួន ៣រូប ទទួលបានពានរង្វាន់ និងមេដាយកម្រិតអន្តរជាតិ នៅទីក្រុងជូហៃ ប្រទេសចិន….

សាលាប៉ាម៉ាអន្តរជាតិបានបញ្ជូនសិស្សឆ្នើមចំនួន ៣រូប និងជាបេក្ខជនតំណាងឲ្យប្រទេសកម្ពុជា ដោយទទួលបានពានរង្វាន់សាលាឆ្នើមកម្រិតសកលចំនួន១( Global outstanding School Award គ្លូប៊ល អៅស្ទេនឌីង ស្គូល អាវ៉ាត)និងមេដាយសរុបចំនួន៨ ក្នុងនោះមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៣ ដែលបានបញ្ចេញអស់ពីសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួត” គណិតវិទ្យា វិទ្យាសាស្រ្ត និងអង់គ្លេសអូឡាំព្យាដ វគ្គផ្តាច់ព្រ័ត្រ” នៅទីក្រុងជូហៃ សាធារណរដ្ឋប្រជាមានិតចិន។

តាមប្រសាសន៍លោកស្រី ផុន សិរីវឌ្ឍនី ស្ថាបនិក និងជាប្រធានទីប្រឹក្សាអភិវឌ្ឍកម្មវិធីសិក្សាជាន់ខ្ពស់នៃសាលាប៉ាម៉ាអន្តរជាតិ បានឲ្យដឹងថា កម្មវិធីនេះបានបង្ហាញពីកម្រិតប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ ដោយមានសាលាមកពីប្រទេសចំនួន៩ ក្នុងនោះមានតែ៥ប្រទេសទេ ដែលបានឈានទៅចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសារអូឡាំព្យាដកម្រិតសាកល លើមុខវិជ្ជា គណិតវិទ្យា, វិទ្យាសាស្រ្ត និងភាសាអង់គ្លេស។

ជាលទ្ធផលក្នុងការប្រកួតរយៈពេល៤ថ្ងៃនេះ នៅទីក្រុងជូហៃ យុវសិស្សសាលាប៉ាម៉ាអន្តរជាតិ ដែលទទួលបានជ័យលាភីទាំង៣រូប បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជាថា រូបគាត់ពិតជាមានអារម្មណ៍រីករាយជាខ្លាំង ដែលអាចយកឈ្នះបេក្ខជនជាច្រើនក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រមួយនេះ ដោយអាចជួយឲ្យពួកគាត់បញ្ចេញនូវសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អ។ យុវសិស្សឆ្នើមទាំងបីនាក់បានបញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងនេះ ចំពោះវិញ្ញាសារប្រលងគឺមានការពិបាកដែរ តែទោះជាយ៉ាងណាក៏រូបគេនឹងប្រកួតឲ្យអស់ពីសមត្ថភាព ហើយរហូតទទួលបានជ័យលាភីនាពេលនេះ។

សូមបញ្ជាក់ថា សាលាប៉ាម៉ាអន្តរជាតិបានបង្កើតឡើងក្នុងឆ្នាំ២០២១ មានចាប់ពីកម្រិតវគ្គបំប៉នខ្មែរ គណិត រូប គីមី និងមត្តេយ្យដល់ថ្នាក់ទី១២ ហើយមានសាខាចំនួន៣ ស្ថិតក្នុងក្រុងព្រះសីហនុ សាលាប៉ាម៉ាអន្តរជាតិមានកម្មវិធីសិក្សាជាច្រើនរួមមាន កម្មវិធីចំណេះដឹងទូទៅជាតិពិសេស កម្មវិធីចំណេះដឹងទូទៅអន្តរជាតិរបស់ប្រទេសអូស្ត្រាលី កម្មវិធីប៉ាម៉ាគិតលេខរហ័ស, កម្មវិធីប្រេនស្គែន កម្មវិធីភាសាអង់គ្លេសក្រៅម៉ោងខេមប្រីជ កម្មវីធីហែលទឹក ការ៉ាតេ កម្មវិធីបំប៉នគួរគ្រប់មុខវិជ្ជា។ល។