ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីសូត្រមន្តលើករាសី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅក្នុងឱកាសទទួលអំណរស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំពិធីសូត្រមន្តលើករាសី ជាកិច្ចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលមានទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» នឹងយាងចុះមកនៅវេលាម៉ោង១០:៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាស្ថានជាតិសង្គមកិច្ច បានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ទេយ្យទាន និងទេយ្យវត្ថុ ដល់ព្រះសង្ឃ ព្រមទាំងនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល សិរីសួស្តី វិបុលសុខ សមាទានសីលទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា ដើម្បីបណ្តេញគ្រោះចង្រៃទាំងពួងក្នុងឆ្នាំចាស់និងចម្រើនសិរីសួស្ដីក្នុងឆ្នាំថ្មីផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក៏បានរៀបចំការសម្តែងរបាំឆៃយ៉ាំ របាំជូនពរ និងរបាំត្រុដិ ដែលសម្តែងដោយក្រុមនិស្សិតមកពីដេប៉ាតឺម៉ងវិស្វកម្ម ឧបករណ៍សិប្បនិម្មិត និងរណប ពិសេស ក៏មានការសម្តែងអំពីវីវៈភាពរបស់កងទ័ពជួរមុខ និងជនភៀសសឹក ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងនិតិសម្បទា ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀតជូនជាតិមាតុភូមិ។

បន្ទាប់ពី ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានថ្លែងឱ្យដឹងអំពីការវិវត្តរីកចម្រើនរបស់វិទ្យាស្ថានរួចមក ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមតាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមមានសុខភាពល្អ កម្លាំងពលំមាំមួន សេចក្តីសុខ សេចក្តីចម្រើន បញ្ញាភ្លឺថ្លា អាយុយឺនយូរ គ្រប់ក្រុមគ្រួសារ ដើម្បីចូលរួមបម្រើលើវិស័យការងារក្នុងវិស័យសង្គមកិច្ច ឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរជន បុព្វការីជន អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ សូមទទួលយកផល្លាអានិសង្ឃនាពេលនេះហើយបានទៅសោយសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ។