លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ជា​អធិបតី​ភាពក្នុងពិធីសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថខេត្ត និងយោធិនសោធននិវត្តន៍ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិន និងនិវត្តន៍ជននៃ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់នាពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន- អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ និងជំនួយការទាំងអស់,លោក មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ និងជំនួយការក្រុង-ស្រុក,លោកប្រធានស្នាក់ការសន្តិសុខ និងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ព្រមទាំងនិវត្តន៍ជនកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

ឆ្លៀតក្នុងឱកាសកម្មវិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណដល់បងប្អូនកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ខំបំពេញភារកិច្ច ក្នុងកិច្ចការ ការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនប្រជាជនក្នុងខេត្តកំពង់ស្ពឺ ពិសេសថ្នាក់ដឹកនាំលើសពីនេះទៀត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមទាំងក្រុមគ្រួសារផងដែរ។

ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភសម្រាប់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ៗទទួលបានទឹកបរិសុទ្ធចំនួន០១កេស, ភេសជ្ជៈចំនួន០១កេស, អាវរងារចំនួន០១, មីចំនួន០១កេស,ចេកចំនួន០១ស្និត ។ សម្រាប់និវត្តន៍ជនក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមាន(អង្ករចំនួន០២ការ៉ុង, ភេសជ្ជៈចំនួន០១កេស, ទឹកបរិសុទ្ធចំនួន០១កេស, អាវរងារចំនួន០១, និងចេកចំនួន០១ស្និត) ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានជូនពរជ័យសិរីមង្គលដល់ នាយទាហាន នាយទាហានរង និងយោធិនសោធននិវត្តន៍ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរសូមអោយទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕