អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិង App NoDrug ជូនដល់អ្នកទៅលេងស្រុក។

(រាជធានីភ្នំពេញ) ៖​ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃអាទិត្យ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ ជម្រាបជូនថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលរាជធានីភ្នំពេញ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី  LOLC រួមគ្នាធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននិង App NoDrug ដល់ប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើត ដើម្បីចូលឆ្នាំប្រពៃណីជាតិខ្មែរតាមមធ្យោបាយរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានសម្របសម្រួលសហការធ្វើសកម្មភាពផ្សព្វផ្សាយ ហើយលោកក៏បានជំរុញឲ្យអ្នកបើកបរ ក៏ដូចជាអ្នកបម្រើការនៅលើរថយន្តទាំងអស់ ឲ្យជួយផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋទាញយក App NoDrug :https://nodrugsnacd.com/download_kh ប្រើប្រាស់។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបបន្ថែមថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ តែងបានឆ្លើយតបតាមការស្នើសុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសម្របសម្រួលសហការធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទូទៅ ក្នុងឱកាសព្រឹត្តិការណ៍បុណ្យជាតិធំៗ ហើយឆ្លៀតពេលដែលប្រជាពលរដ្ឋបានរួមគ្នាប្រើ នៅមធ្យោបាយរថយន្តក្រុងជិះទៅជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ យើងបានរៀបចំនូវការផ្សព្វផ្សាយផ្ទាល់ និងប្រយោលនូវសកម្មភាពមួយចំនួនដូចជា ការដាក់តាំងបដាពាក្យស្លោកប្រឆាំងគ្រឿងញៀនតាមច្រកចេញចូលពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ការដាក់សារផ្សព្វផ្សាយលើប៉ាណូផ្សាយពាណិជ្ជកម្មធំៗ និងការចែកខិតប័ណ្ណពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំងQr Code បិទនៅលើរថយន្តក្រុងសម្រាប់ប្រជាពលរដ្ឋទាញApp NoDrug យកប្រើប្រាស់ សំដៅពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមបង្ការទប់ស្កាត់បញ្ហានានាដែលបង្កឡើងដោយគ្រឿងញៀន។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមទៀតថា ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សមាគមដៃគូ សសយក សមាគមវិទ្យុ ទូរទស្សន៍កម្ពុជា អង្គការមហាជននានា នឹងមានសកម្មភាពផ្សព្វផ្សាយអប់រំពីរប្រភេទមាន៖
ទី១៖ ផ្សព្វផ្សាយអប់រំពីចម្ងាយមិនផ្ទាល់តាមរយៈវិទ្យុទូរទស្សន៍ បណ្ដាញផ្សព្វផ្សាយរដ្ឋ និងឯកជន ការដាក់តាំងបដា ពាក្យស្លោកប្រឆាំងគ្រឿងញៀន និងជំរុញការប្រើប្រាស់ទូរសព្ទដៃ NoDrug ក្នុងខេត្ត ការផ្ញើសារតាមទូរសព្ទដៃ
និងទី២៖ ការផ្សព្វផ្សាយដោយផ្ទាល់គឺយើងធ្វើតាមរយៈពិធីករ ពិធីការិនី សិល្បករ សិល្បការិនី ដែលចូលរួមក្នុងនៅកម្មវិធីកម្សាន្តសប្បាយអបអរឆ្នាំថ្មី។

ជាមួយគ្នានេះដែរ ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ,​ ឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ក្រសួង ស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត អង្គការមហាជន វិស័យឯកជន ដែលតែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងសូមឱ្យការធ្វើដំណើររបស់បងប្អូនទៅគ្រប់ទីជួបតែសុខសុវត្ថិភាព ចៀសផុតបានពីឧបទ្រពចង្រៃទាំងពួងនាំមកនូវសុខសួស្ដី សិរីមង្គល ។