លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមន្រ្តីរាជការ មន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំកម្មវិធីអាហារសាមគ្គីយ៉ាងឱឡារិក ដើម្បីជួបជុំ និងសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានដែលកំពុងបំពេញបេសកកម្មក្នុងខេត្តព្រះសីហនុ ក្នុងស្មារតីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត ដែលជាតំណាងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ព្រមទាំងបងប្អូនអ្នកសារព័ត៌មានមកពីបណ្តាអង្គភាព និងស្ថាប័នផ្សេងៗយ៉ាងច្រើនកុះករ។
កម្មវិធីអាហារសាមគ្គីនេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតឈានចូលមកដល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងសំខាន់ៗដូចជា៖
១. រដ្ឋបាលខេត្តបានសម្តែងនូវការកោតសរសើរចំពោះអ្នកសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែងនាំយកព័ត៌មានពិតពីការអភិវឌ្ឍន៍ខេត្ត ទៅកាន់សាធារណជន។
២. បង្កើនភាពស្និទ្ធស្នាលរវាងអាជ្ញាធរខេត្ត និងអ្នកសារព័ត៌មាន ដើម្បីធានាបាននូវការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ រហ័ស និងមានតុល្យភាព។
៣. ជាវេទិកាបើកចំហសម្រាប់បងប្អូនអ្នកសារព័ត៌មានក្នុងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមផ្សេងៗក្នុងការបំពេញការងារនៅមូលដ្ឋាន។
“អ្នកសារព័ត៌មាន គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ដែលបង្កភាពវឹកវរក្នុងសង្គម”។
កម្មវិធីទាំងមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងពោរពេញដោយសាមគ្គីភាព។ បងប្អូនអ្នកសារព័ត៌មានបានសម្តែងនូវក្តីរំភើប និងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់វិជ្ជាជីវៈសារព័ត៌មាន ដែលជាអំណាចទីបួននៅក្នុងសង្គមប្រជាធិបតេយ្យ។
ពិធីនេះបានបញ្ចប់ទៅដោយការពិសាអាហារសាមគ្គី និងការជូនពរជ័យសិរីសួស្តីដល់គ្នាទៅវិញទៅមក ក្នុងឱកាសត្រៀមអបអរសាទរឆ្នាំថ្មី ខាងមុខនេះ៕
អត្ថបទ៖ ស្រីមុំ



