ប្រេសិតពិសេសរបស់កម្ពុជា៖ «កម្ពុជានៅតែជាមិត្តដ៏ល្អរបស់មីយ៉ាន់ម៉ា និងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរបស់ប្រទេសទាំង២»
ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងណៃពិដោ ផ្អែកតាមការអញ្ជើញពីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានៅតែជាមិត្តដ៏ល្អរបស់មីយ៉ាន់ម៉ា និងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរបស់ប្រទេសទាំង២ ដើម្បីគាំទ្រដល់ការងារទំនាក់ទំនងនៃអាស៊ាន។
អញ្ជើញចូលរួមពីធីចូលកាន់តំណែងនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការងារទំនាក់ទំនងអាស៊ាន និងគណៈប្រតិភូកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយលោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា និងមន្ត្រីសំខាន់ៗមួយចំនួនទៀត។
ក្នុងជំនួបសម្តែងការគួរសមនេះ ខាងភាគីមីយ៉ាន់ម៉ាក៏មានការចូលរួមពីលោក U Khin Maung Yi រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យប្រធានាធិបតី និងលោក U Tin Maung Swe រដ្ឋមន្ត្រីក្រសួងការបរទេស។ រីឯគណៈប្រតិភូអមដំណើរខាងកម្ពុជារួមមានលោក ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក សឺន សូថា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា និងលោកស្រី ឡាយ ចាន់រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនោះ លោកប្រធានាធិបតីបានសម្តែងការអរគុណចំពោះវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងការចូលរួមពិធីចូលកាន់តំណែងនៅថ្ងៃនេះ និងបានបញ្ជាក់ថា កម្ពុជា ជាប្រទេសជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា ជាពិសេសទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងមីយ៉ាន់ម៉ា និងកម្ពុជា, កិច្ចសហប្រតិបត្តិការរបស់មីយ៉ាន់ម៉ានៅក្នុងអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា។
លោកប្រធានាធិបតី បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមិត្តជិតស្និទ្ធ និងជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមមានសុខភាពល្អផងដែរ ហើយក៏សូមអរគុណកម្ពុជា ដែលតែងតែជួយដល់មីយ៉ាន់ម៉ានៅពេលជួបគ្រោះធម្មជាតិកន្លងមក។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បាន ពាំនាំនូវការអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងនាមប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ជូនលោកប្រធានាធិបតី និងបានបញ្ជាក់ថាកម្ពុជានៅតែជាមិត្តរបស់មីយ៉ាន់ម៉ា និងនៅបន្តជាមិត្តដ៏ល្អ ដែលនឹងបន្តគាំទ្រគ្នាទៅវិញទៅមក។ នៅក្នុងឱកាសនៃជំនួបនេះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានប្រគល់លិខិតអបអរសាទររបស់សម្តេចតេជោ ជូនដោយផ្ទាល់ចំពោះលោកប្រធានាធិបតីមីយ៉ាន់ម៉ា និងបានជូនពរលោកប្រធានាធិបតី ក៏ដូចគណៈរដ្ឋមន្ត្រីថ្មី ទទួលជោគជ័យក្នុងការដឹកនាំប្រទេសជាតិ។
ដោយឡែក នៅវេលាម៉ោង ២២យប់ ថ្ងៃដដែល ក្រោយពិធីជប់លៀងអាហារពេលល្ងាច លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងគណៈប្រតិភូកម្ពុជា បានជួបប្រជុំជាមួយលោក U Tin Maung Swe រដ្ឋមន្ត្រីការបរទេសថ្មីរបស់មីយ៉ាន់ម៉ា នៅសណ្ឋាគារ Jasmine។
ក្នុងជំនួបនេះលោកកិត្តិសេដ្ឋាបណ្ឌិត បានគូសរំលេចថា កម្ពុជាតែងតែផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា ហើយនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរបស់ប្រទេសទាំង២ បន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍៕



